1.ចូរពោលទ្រឹស្តីស៊ីនេទិចនៃឧស្ម័ន

ទ្រឹស្តីស៊ីនេទិចនៃឧស្ម័នពោលថា៖

  • ចាត់ទុកម៉ូលេគុលឧស្ម័នជាចំនុចរូបធាតុ ព្រោះតែវាមានវិមាត្រតូចធៀបនឹងលំហអន្តរម៉ូលេគុល
  • ម៉ូលេគុលឧស្ម័នមានចលនាឥតឈប់ឈរ និងគ្មានសណ្តាប់ធ្នាប់
  • ម៉ូលេគុលឧស្ម័នមិនមានអំពើលើគ្នាទេ លើកលែងតែពេលប៉ះគ្នា
  • ទង្គិចរវាងម៉ូលេគុលនឹងម៉ូលេគុល ហើយទង្គិចរវាងម៉ូលេគុលនឹងផ្ទៃធុងជាទង្គិចខ្ទាត ។ ក្រោយពេលទង្គិចម៉ូលេគុលធ្វើចលនាត្រង់ស្មើ
  • តម្លៃមធ្យមនៃម៉ូលេគុលឧស្ម័នអាស្រ័យនឹងសីតុណ្ហភាព
  • 2.តើសម្ពាធនៃឧស្ម័នអាស្រ័យនឹងអ្វីខ្លះ?

    សម្ពាធនៃឧស្ម័នអាស្រ័យនឹងចំនួនម៉ូលេគុលក្នុងមួយខ្នាតមាឌ និងតម្លៃមធ្យមនៃថាមពលស៊ីនេទិចរបស់ម៉ូលេគុល។

    3.តើច្បាប់ទី១ទែម៉ូឌីណាមិចសិក្សាពីអ្វី?

    ច្បាប់ទី១ទែម៉ូឌីណាមិច សិក្សាពីការបំលែងថាមពលកម្តៅទៅជាថាមពលផ្សេងៗទៀត។

    4.ចូរពោល ច្បាប់ទី១ទែម៉ូឌីណាមិច

    ច្បាប់ទី១ទែម៉ូឌីណាមិចពោលថា ក្នុងលំនាំទែម៉ូឌីណាមិច កម្តៅដែលស្រូបដោយប្រព័ន្ធស្មើនឹងផលបូកកម្មន្តដែលបង្កើតដោយប្រព័ន្ធ និងបម្រែបម្រួលថាមពលក្នុងនៃប្រព័ន្ធ។

    5.ដូចម្តេចដែលហៅថា ប្រព័ន្ធ?

    ប្រព័ន្ធ គឺជាវត្ថុ ឬសំណុំវត្ថុដែលគេលើកយកមកសិក្សាធៀបនឹងវត្ថុដទៃទៀត(មជ្ឈដ្ឋានក្រៅ)។

    6.ដូចម្តេចដែលហៅថាភាពនៃប្រព័ន្ធ?

    ភាពនៃប្រព័ន្ធ គឺជាសំណុំលេខដែលវាស់ទំហំរូបវិទ្យាទាំងឡាយសម្រាប់សម្គាល់ប្រព័ន្ធនៅខណៈនោះ។

    7.តើអថេរសំគាល់ភាពនៃប្រព័ន្ធមានអ្វីខ្លះ?

    អថេរសំគាល់ភាពនៃប្រព័ន្ធគឺ សម្ពាធ មាឌ និងសីតុណ្ហភាព។

    8.ដូចម្តេចដែលហៅថា បំលែងទែម៉ូឌីណាមិច?

    បំលែងទែម៉ូឌីណាមិច គឺជាបំលែងនៃប្រព័ន្ធ កាលណាវាផ្លាស់ប្តូរភាពដោយប្តូរតែកម្មន្ត និងកម្តៅជាមួយមជ្ឈដ្ឋានខាងក្រៅតែប៉ុណ្ណោះ។

    9.ដូចម្តេចដែលហៅថា បំលែងបិទ ?

    បំលែងបិទ គឺជាបំលែងនៃប្រព័ន្ធដែលមានភាពដើម និងភាពស្រេចដូចគ្នា។

    10.ដូចម្តេចដែលហៅថា បំលែងចំហ?

    បំលែងបិទ គឺជាបំលែងនៃប្រព័ន្ធដែលមានភាពដើម និងភាពស្រេចខុសគ្នា។

    11.ដូចម្តេចដែលហៅថា ប្រព័ន្ធទែម៉ូឌីណាមិច?

    ប្រព័ន្ធទែម៉ូឌីណាមិច គឺជាប្រព័ន្ធដែលទទួលរងបំលែងទែម៉ូឌីណាមិច អាចចេញពីភាពដើមទៅភាពស្រេចតាមដំណើរប្រព្រឹត្តខុសៗគ្នា។

    12.ដូចម្តេចដែលហៅថា លំនាំអ៊ីសូបា?

    លំនាំអ៊ីសូបា គឺជាលំនាំនៃប្រព័ន្ធដែលរងបំលែងទែម៉ូឌីណាមិចដោយរក្សាសម្ពាធថេរ។

    13.ដូចម្តេចដែលហៅថា លំនាំអ៊ីសូទែម?

    លំនាំអ៊ីសូទែម គឺជាលំនាំនៃប្រព័ន្ធដែលរងបំលែងទែម៉ូឌីណាមិចដោយរក្សាសីតុណ្ហភាពថេរ។

    14.ដូចម្តេចដែលហៅថា លំនាំអ៊ីសូករ?

    លំនាំអ៊ីសូករ គឺជាលំនាំនៃប្រព័ន្ធដែលរងបំលែងទែម៉ូឌីណាមិចដោយរក្សាមាឌថេរ។

    15.ដូចម្តេចដែលហៅថា លំនាំអាដ្យាបាទិច?

    លំនាំអាដ្យាបាទិច គឺជាលំនាំមួយដែលថាមពលកម្តៅមិនប្តូរជាមួយនឹងមជ្ឈដ្ឋានខាងក្រៅ។

    16.តើលក្ខខណ្ឌចាំបាច់សម្រាប់អោយមានការផ្ទេរកម្តៅគឺអ្វី?

    លក្ខខណ្ឌចាំបាច់សម្រាប់អោយមានការផ្ទេរកម្តៅគឺ សីតុណ្ហភាព។

    17.តើលក្ខខណ្ឌចាំបាច់សម្រាប់បង្កើតកម្មន្តគឺអ្វី?

    លក្ខខណ្ឌចាំបាច់សម្រាប់បង្កើតកម្មន្តគឺបំលាស់ទី។

    18.ដូចម្តេចដែលហៅថា ថាមពលក្នុងនៃប្រព័ន្ធ?

    ថាមពលក្នុងនៃប្រព័ន្ធ គឺជាថាមពលសរុបនៃថាមពលស៊ីនេទិច និងថាមពលប៉ូតង់ស្យែលរបស់ម៉ូលេគុលទាំងអស់ដែលបង្កើតបានជាប្រព័ន្ធ។

    19.ចូរពោលគោលការណ៍សមមូល

    គោលការណ៍សមមូលពោលថា កាលណាប្រព័ន្ធមួយទទួលបំលែងបិទ ដោយប្តូរតែកម្មន្ត និងកម្តៅជាមួយមជ្ឈដ្ឋានខាងក្រៅ បរិមាណកម្តៅ និងកម្មន្តដែលប្រព័ន្ធបានប្តូរជាមួយមជ្ឈដ្ឋានខាងក្រៅមានតម្លៃដាច់ខាតស្មើគ្នា។

    20.ដូចម្តេចដែលហៅថា ប្រព័ន្ធត្រមោច?

    ប្រព័ន្ធត្រមោច គឺជាប្រព័ន្ធដែលមិនទាក់ទងជាមួយនឹងមជ្ឈដ្ឋានខាងក្រៅ។ ដូចនេះថាមពលកម្តៅរបស់វាមិនប្រែប្រួលទេ។

    21.ដូចម្តេចដែលហៅថា ម៉ាស៊ីនកាកណូ ឬម៉ាស៊ីនអ៊ីដេអាល់?

    ម៉ាស៊ីនកាកណូ ឬម៉ាស៊ីនអ៊ីដេអាល់ គឺជាម៉ាស៊ីនបង្កើតឡើងដោយលោកសាឌី កាកណូ ដែលដំណើរការនៅចន្លោះធុងកម្តៅពីរគឺធុងក្តៅ (ប្រភពក្តៅ) និងធុងត្រជាក់ (ប្រភពត្រជាក់ )។

    22.ចូរនិយាយពីដំណើរការនៃស៊ិចកាកណូ

    ស៊ិចកាកណូដំណើរការដូចតទៅ៖

  • ដំណាក់កាលទី១ ឧស្ម័នស្រូបកម្តៅពីធុងក្តៅ រីកមាឌតាមលំនាំអ៊ីសូទែម
  • ដំណាក់កាលទី២ ឧស្ម័នបន្តរីកមាឌតាមលំនាំអាដ្យាបាទិច
  • ដំណាក់កាលទី៣ ឧស្ម័នបញ្ចេញកម្តៅទៅធុងត្រជាក់ រួមមាឌតាមលំនាំអ៊ីសូទែម
  • ដំណាក់កាលទី៤ ឧស្ម័នត្រូវបានបណ្ណែនតាមលំនាំអាដ្យាបាទិចរហូតដល់ស្ថានភាពដើមវិញ
  • 23.ចូរពោលទ្រឹស្តីបទកាកណូ

    ទ្រឹស្តីបទកាកណូពោលថា៖

  • ចំពោះម៉ូទ័រប្រើកម្តៅដែលទាក់ទងនឹងប្រភពកម្តៅពីរ ទិន្នផលកម្តៅមានតម្លៃអតិបរមា កាលណាភ្នាក់ងារកម្តៅវិវត្តតាមស៊ិចរេវែស៊ីប
  • ទិន្នផលកម្តៅអតិបរមា មិនអាស្រ័យនឹងប្រភេទនៃភ្នាក់ងារកម្តៅ និងរបៀបវិវត្តនៃស៊ិចរេវែស៊ីបទេ
  • ទិន្នផលកម្តៅនេះ អាស្រ័យតែសីតុណ្ហភាពដាច់ខាតនៃប្រភពក្តៅ និងប្រភពត្រជាក់តែប៉ុណ្ណោះ
  • 24.ដូចម្តេចដែលហៅថា ម៉ូទ័រកម្តៅ?

    ម៉ូទ័រកម្តៅ គឺជាម៉ូទ័រទាំងឡាយណាដែលបំលែងថាមពលកម្តៅទៅជាកម្មន្ត។

    25.ដូចម្តេចដែលហៅថា ម៉ូទ័រចំហេះក្រៅ?

    ម៉ូទ័រចំហេះក្រៅ គឺជាម៉ូទ័រដែលចំហេះកើតមានឡើងក្រៅពីកន្លែងដែលកម្តៅត្រូវបានធ្វើទៅជាកម្មន្ត។

    26.ដូចម្តេចដែលហៅថា ម៉ូទ័រចំហេះក្នុង?

    ម៉ូទ័រចំហេះក្នុង ជាម៉ូទ័រដែលចំហេះកើតមានឡើងក្នុងកន្លែងដែលកម្តៅត្រូវបានធ្វើទៅជាកម្មន្ត។

    27.ចូររៀបរាប់វគ្គទាំងបួននៃម៉ូទ័របន្ទុះបួនវគ្គ

    វគ្គទាំងបួននៃម៉ូទ័របន្ទុះបួនវគ្គមាន៖

  • វគ្គទី១: វគ្គសម្រូប
  • វគ្គទី២: វគ្គបណ្ណែន
  • វគ្គទី៣: វគ្គបន្ទុះនិងបន្ធូរ
  • វគ្គទី៤: វគ្គបញ្ចេញ
  • 28.ចូរនិយាយពីដំណើរការនៃម៉ូទ័របន្ទុះបួនវគ្គ

    ដំណើរការនៃម៉ូទ័របន្ទុះបួនវគ្គគឺ៖

  • វគ្គសម្រូបៈ ស៊ូប៉ាបស្រូបបើក ពីស្តុងផ្លាស់ទីចុះក្រោម ស្រូបយកល្បាយសាំង និងខ្យល់ចូលក្នុងស៊ីឡាំង
  • វគ្គបណ្ណែនៈ ស៊ូប៉ាបស្រូបបិទ ពីស្តុងផ្លាស់ទីឡើងលើ ដើម្បីបណ្ណែនល្បាយសាំង និងខ្យល់ក្នុងស៊ីឡាំង
  • វគ្គបន្ទុះនិងបន្ធូរៈ ប៊ូស៊ីបំព្រាយផ្កាភ្លើង ធ្វើអោយឧស្ម័នក្នុងស៊ីឡាំងឆេះ ហើយពីស្តុងផ្លាស់ទីចុះក្រោម
  • វគ្គបញ្ចេញៈ ស៊ូប៉ាបបញ្ចេញបើក ពីស្តុងផ្លាស់ទីឡើងលើ រុញច្រានចំហេះអោយចេញតាមបំពង់បញ្ចេញ
  • 29.ដូចម្តេចដែលហៅថារលក?

    រលកគឺជាចលនាដែលកើតឡើងពីលំញ័រ ឬរញ្ជួយដាលក្នុងមជ្ឈដ្ឋានមួយ ឬជាការបញ្ជូនថាមពលពីចំនុចមួយទៅចំនុចមួយផ្សេងទៀតតាមរយៈមជ្ឈដ្ឋានណាមួយ។

    30.តើគេចែករលកជាប៉ុន្មានប្រភេទអ្វីខ្លះ? ចូរអោយនិយមន័យរលកនីមួយៗ។

    គេចែករលកជាពីរគឺ៖ រលកទទឹង និងរលកបណ្តោយ។

  • រលកទទឹង គឺជារលកដែលមានទិសបំលាស់ទីកែងនឹងទិសដំណាល
  • រលកបណ្តោយ គឺជារលកដែលមានទិសបំលាស់ទីស្របនឹងទិសដំណាល
  • 31.ដូចម្តេចដែលហៅថាអំព្លីទុត?

    អំព្លីទុត គឺជាបំលាស់ទីអតិបរមានៃរលកធៀបនឹងទីតាំងលំនឹង។

    32.ដូចម្តេចដែលហៅថារលកតម្រួត?

    រលកតម្រួត គឺជារលកពីរ ឬច្រើនដាលឆ្លងកាត់មជ្ឈដ្ឋានតែមួយ បំលាស់ទីសរុបរាល់ចំនុចណាក៏ដោយនៃរលក ស្មើនឹងផលបូកវ៉ិចទ័ររបស់បណ្តារចំនុចបំលាស់ទីនៃរលកទោលទាំងនោះ។

    33.ដូចម្តេចដែលហៅថារលកជញ្ជ្រុំ?

    រលកជញ្រ្ជុំ គឺជារលកដែលកើតឡើងពីរលកពីរដែលមានអំព្លីទុត ខួប និងជំហានរលកដូចគ្នា ដាលកាត់គ្នាក្នុងទិសដៅផ្ទុយគ្នា។

    34.ដូចម្តេចដែលហៅថា រ៉េសូណង់ ? តើរ៉េសូណង់មានប៉ុន្មានប្រភេទ ? ចូរអោយនិយមន័យប្រភេទនីមួយៗ។

    រ៉េសូណង់គឺជាលំអៀងរបស់ប្រព័ន្ធលំយោលនៅត្រង់អំព្លីទុតអតិបរមា និងប្រេកង់ដែលមានខួបតូច។ រ៉េសូណង់មានពីរប្រភេទគឺ៖

  • រ៉េសូណង់ស្ទក់ ជារ៉េសូណង់ដែលមានអំព្លីទុតមិនសូវខ្លាំង តែមានដែនរ៉េសូណង់ធំ។
  • រ៉េសូណង់ឆ្មារ ជារ៉េសូណង់ដែលមានអំព្លីទុតខ្លាំង តែមានដែនរ៉េសូណង់តូច។
  • 35.ដូចម្តេចដែលហៅថា អាំងទែផេរ៉ង់? តើអាំងទែផេរ៉ង់មានប៉ុន្មានប្រភេទ? អ្វីខ្លះ?

    អាំងទែផេរ៉ង់ គឺជាបាតុភូតដែលកើតឡើងនៅពេលដែលរលកពីរដែលមាន អំព្លីទុត ខួប ផាស និងទិសដូចគ្នាដាលកាត់គ្នាក្នុងមជ្ឈដ្ឋានតែមួយ។ បាតុភូតអាំងទែផេរ៉ង់មានបីប្រភេទគឺ៖ អាំងទែផេរ៉ង់មេកានិច អាំងទែផេរ៉ង់សូរ និងអាំងទែផេរ៉ង់ពន្លឺ។

    36.ដូចម្តេចដែលហៅថា ឌីប្រាក់ស្យុង? តើឌីប្រាក់ស្យុងមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

    ឌីប្រាក់ស្យុង គឺជាបាតុភូតដែលកើតមានឡើងកាលណារលកប្តូរទិសដៅដំណាលពេលឆ្លងកាត់របាំងឧបសគ្គ ឬរង្វះ។ គេចែកឌីប្រាក់ស្យុងជាបីប្រភេទគឺ ឌីប្រាក់ស្យុងរលកមេកានិច ឌីប្រាក់ស្យុងរលកសូរ និងឌីប្រាក់ស្យុងរលកពន្លឺ។

    37.ដូចម្តេចដែលហៅថាមេដែក? តើមេដែកមានប៉ុន្មានយ៉ាង? អ្វីខ្លះ?

    មេដែក គឺជាអង្គធាតុដែលអាចឆក់ដែកបាន ហើយលក្ខណៈឆក់ទាញ ឬស្រូបដែកនេះហៅថាលក្ខណៈម៉ាញេទិច។ មេដែកមានពីរប្រភេទគឺ៖ មេដែកធម្មជាតិ និងមេដែកសិប្បនិម្មិត។

    38.តើមេដែកមានប៉ូលប៉ុន្មាន? អ្វីខ្លះ?

    មេដែកមានប៉ូលពីរគឺ ប៉ូលត្បូង S និងប៉ូលជើង N ។

    39.ចូរនិយាយពីអន្តរកម្មម៉ាញេទិចនៃមេដែក

    ចំពោះមេដែកពីរ ប៉ូលដែលមានឈ្មោះដូចគ្នា ច្រានគ្នាចេញ ហើយប៉ូលដែលមានឈ្មោះផ្ទុយគ្នាទាញគ្នាចូល។

    40.តើគេប្រើម្ជុលមេដែកសម្រាប់ធ្វើអ្វី? តើវាចង្អុលទៅទិសខាងណា?

    គេប្រើម្ជុលមេដែកសម្រាប់ធ្វើត្រីវិស័យ។ ម្ជុលមេដែកចង្អុលទៅទិសខាងជើងជានិច្ច។

    41.ដូចម្តេចដែលហៅថា ដែនម៉ាញេទិច?

    ដែនម៉ាញេទិច គឺជាលំហ ឬមជ្ឈដ្ឋានស្ថិតនៅជុំវិញមេដែក។

    42.តើអ្វីខ្លះជាប្រភពនៃដែនម៉ាញេទិច?

    ប្រភពនៃដែនម៉ាញេទិចគឺ មេដែក ចរន្តអគ្គិសនី និងផែនដី។

    43.ដូចម្តេចដែលហៅថា ខ្សែដែនម៉ាញេទិច?

    ខ្សែដែនម៉ាញេទិច គឺជាខ្សែដែលប៉ះនឹងវ៉ិចទ័រដែនម៉ាញេទិចនៅគ្រប់ចំនុចនីមួយៗរបស់វា។

    44.ដូចម្តេចដែលហៅថាស្ប៊ិចម៉ាញេទិច?

    ស្ប៊ិចម៉ាញេទិច គឺជាសំណុំនៃខ្សែនដែនម៉ាញេទិច។

    45.តើស្ប៉ិចម៉ាញេទិចបង្ហាញពីអ្វី?

    ស្ប៉ិចម៉ាញេទិចបង្ហាញថា កាលណាខ្សែដែនម៉ាញេទិចកាន់តែញឹកនោះអាំងតង់ស៊ីតេដែនម៉ាញេទិចកាន់តែធំ។

    46.តើខ្សែដែនម៉ាញេទិចមានទិសដៅដូចម្តេច?

    ខ្សែដែនម៉ាញេទិចមានទិសដៅពីប៉ូលជើងទៅប៉ូលត្បូង ឬ មានទិសដៅចូលតាមប៉ូលត្បូង និងចេញតាមប៉ូលជើង។

    47.ដូចម្តេចដែលហៅថា ដែនម៉ាញេទិចឯកសណ្ឋាន?

    ដែនម៉ាញេទិចឯកសណ្ឋាន គឺជាដែនម៉ាញេទិចដែលមានទិសស្របៗគ្នា ទិសដៅ និងអាំងតង់ស៊ីតេដូចៗគ្នា។

    48.តើដែនម៉ាញេទិចឯកសណ្ឋានកើតមាននៅកន្លែងណាខ្លះ?

    ដែនម៉ាញេទិចឯកសណ្ឋានកើតមាននៅ ភាគខាងក្នុងនៃសូលេណូអ៊ីត ចន្លោះមេដែករាង U និងក្នុងបូប៊ីនហឹម-ហ៊ុល។

    49.ដូចម្តេចដែលហៅថាសូលេណូអ៊ីត?

    សូលេណូអ៊ីត គឺជាបូប៊ីនវែងកើតឡើងពីខ្សែចំលងដែលរុំជាច្រើនស្ពៀអោយបានប្រវែងវែងជាង ឬស្មើ៥ដងនៃកាំរបស់វា ដែល(L≥5R)។

    50.ដូចម្តេចដែលហៅថា បូប៊ីនហឹម-ហ៊ុល?

    បូប៊ីនហឹម-ហ៊ុល គឺជាបូប៊ីនដែលកើតឡើងពីបូប៊ីនសំប៉ែតពីរដែលមានកាំដូចគ្នា ឆ្លងកាត់ដោយចរន្តមានទិសដៅដូចគ្នា និងមានអាំងតង់ស៊ីតេចរន្តដូចគ្នា។

    51.គេមានបូប៊ីនមួយដែលគេសង្កេតឃើញថា ប៉ូលមួយមានខ្សែដែនរត់ចេញ ចំណែកប៉ូលមួយទៀតមានខ្សែដែនរត់ចូល ។ តើប៉ូលនៃបូប៊ីមួយណាជាប៉ូលជើង ហើយមួយណាជាប៉ូលត្បូង?

    ប៉ូលនៃបូប៊ីនដែលមានខ្សែដែនរត់ចូលជាប៉ូលត្បូង ហើយប៉ូលដែលមានខ្សែដែនរត់ចេញជាប៉ូលជើង។

    52.តើខ្សែដែនម៉ាញេទិចនៃចរន្តត្រង់ ចរន្តវង់ត្រង់ផ្ចិត និងភាគខាងក្នុងនៃសូលេណូអ៊ីតមានរាងដូចម្តេច?

    រាងនៃខ្សែដែនម៉ាញេទិចគឺ៖

  • ខ្សែដែនម៉ាញេទិចនៃចរន្តត្រង់ មានរាងជារង្វង់
  • ខ្សែដែនម៉ាញេទិចនៃចរន្តវង់ត្រង់ផ្ចិត មានរាងជាបន្ទាត់ត្រង់
  • ខ្សែដែនម៉ាញេទិចភាគខាងក្នុងនៃសូលេណូអ៊ីត មានរាងជាបន្ទាត់ត្រង់ស្របៗគ្នា
  • 53.តើកម្លាំងអេឡិចត្រូម៉ាញេទិចកើតមានពេលណា?

    កម្លាំងអេឡិចត្រូម៉ាញេទិច កើតមានឡើងកាលណាខ្សែចម្លងឆ្លងកាត់ដោយចរន្តអគ្គិសនីស្ថិតក្នុងដែនម៉ាញេទិច។

    54.តើកម្លាំងអេឡិចត្រូម៉ាញេទិចត្រូវបានគេយកទៅអនុវត្តដូចម្តេច?

    កម្លាំងអេឡិចត្រូម៉ាញេទិច ត្រូវបានគេយកទៅអនុវត្តក្នុងចលនាស៊ុមវិល។

    55.ចូរពោលវិធានដៃស្តាំដើម្បីកំណត់ទិសដៅដែនម៉ាញេទិចចំពោះ ចរន្តត្រង់ ចរន្តវង់ និងសូលេណូអ៊ីត។

    ដើម្បីកំណត់ទិសដៅដែនម៉ាញេទិចនៃចរន្តត្រង់ ចរន្តវង់ និងសូលេណូអ៊ីត គឺ៖

  • ចរន្តត្រង់: មេដៃដាក់តាមទិសដៅចរន្ត ម្រាមទាំងបួនក្តោបតាមទិសដៅដែនម៉ាញេទិច ។
  • ចរន្តវង់: ម្រាមទាំងបួនក្តោបតាមទិសដៅចរន្ត មេដៃកន្ធែកតាមទិសដៅដែនម៉ាញេទិច ។
  • សូលេណូអ៊ីត: ម្រាមទាំងបួនក្តោបតាមទិសដៅចរន្ត មេដៃកន្ធែកតាមទិសដៅដែនម៉ាញេទិច ។
  • 56.ចូរពោលវិធានដៃស្តាំដើម្បីកំណត់ទិសដៅកម្លាំងអេឡិចត្រូម៉ាញេទិច ។

    ដើម្បីកំណត់ទិសដៅកម្លាំងអេឡិចត្រូម៉ាញេទិចគឺ ម្រាមទាំងបួនដាក់តាមទិសដៅចរន្តអគ្គិសនី រួចក្តោបទៅរកវ៉ិចទ័រដែនម៉ាញេទិច នោះមេដៃកន្ធែកចង្អុលទិសដៅកម្លាំងអេឡិចត្រូម៉ាញេទិច។

    57.ចូរនិយាយពីអន្តរកម្មរវាងចរន្តត្រង់ពីរ

    ចំពោះចរន្តត្រង់ពីរ៖

  • បើចរន្តមានទិសដៅដូចគ្នា ខ្សែចម្លងទាំងពីរទាញគ្នាចូល ហៅថា កម្លាំងទំនាញចូល។
  • បើចរន្តមានទិសដៅផ្ទុយគ្នា ខ្សែចម្លងទាំងពីរច្រានគ្នាចេញ ហៅថា កម្លាំងចម្រានចេញ។
  • 58.តើកម្លាំងម៉ាញេទិចកើតមានឡើងពេលណា?

    កម្លាំងម៉ាញេទិច កើតមានឡើងកាលណាផង់ផ្ទុកបន្ទុកអគ្គិសនីផ្លាស់ទីដោយល្បឿន ​ v ចូលក្នុងដែនម៉ាញេទិច​ B

    59.ចូរពោលវិធានដៃស្តាំ ដើម្បីកំណត់ទិសដៅកម្លាំងអេឡិចត្រូម៉ាញេទិច។

    ដើម្បីកំណត់ទិសដៅកម្លាំងម៉ាញេទិចគឺ ម្រាមទាំងបួនដាក់តាមវ៉ិចទ័រល្បឿន v ក្តោបទៅរកវ៉ិចទ័រដែនម៉ាញេទិច B នោះមេដៃកន្ធែកតាមវ៉ិចទ័រ v×B

  • បើ q > 0 នោះ F មានទិសដៅដូច v×B
  • បើ q > 0 នោះ F មានទិសដៅផ្ទុយ v×B
  • 60.ដូចម្តេចដែលហៅថា ស្ប៊ិចក្រាប?

    ស្ប៊ិចក្រាប ជាឧបករណ៍ប្រើសម្រាប់ញែកអ៊ីសូតូបនៃធាតុគីមី កំណត់ភាគរយនៃអ៊ីសូតូប វាស់ម៉ាសនៃអ៊ីសូតូប វិភាគល្បាយឧស័្មន ឬអង្គធាតុ និងកំណត់រូបមន្តលាតនៃអង្គធាតុសមាសសរីរាង្គ។

    61.ដូចម្តេចដែលហៅថា បាតុភូតអូតូអាំងឌុចស្យុង?

    បាតុភូតអូតូអាំងឌុចស្យុង គឺជាការអនុវត្តយ៉ាងសំខាន់នៃបាតុភូតអាំងឌុចស្យុងអេឡិចត្រូម៉ាញេទិច ដែលរកឃើញដោយលោក ផារ៉ាដេ។

    62.តើបាតុភូតអូតូអាំងឌុចស្យុង កើតមានពេលណា?

    បាតុភូតអូតូអាំងឌុចស្យុង កើតមានឡើងនៅពេលដែលមានចរន្តប្រែប្រួលឆ្លងកាត់បូប៊ីន។

    63.ដូចម្តេចដែលហៅថា អាំងឌុចតង់នៃសៀគ្វី ? តើអាំងឌុចតង់អាស្រ័យនឹងអ្វី ហើយមានខ្នាតដូចម្តេច?

    អាំងឌុចតង់ គឺជាមេគុណសមមាត្ររវាងភ្លុចម៉ាញេទិច φ និងចរន្ត i ( ប្រែប្រួល ) អាស្រ័យនឹងលក្ខណៈធរណីមាត្រងាយនៃបូប៊ីន មានខ្នាតគិតជា ហង់រី H ។

    64.តើលំយោលអគ្គិសនីជាអ្វី? ចែកចេញជាប៉ុន្មានយ៉ាងអ្វីខ្លះ?

    លំយោលអគ្គិសនី គឺជាបាតុភូតកើតឡើងនៅពេលមាន បន្ទេរពីកុងដង់សាទ័រទៅបូប៊ីន និងបន្ទេរថាមពលពីបូប៊ីនទៅកុងដង់សាទ័រវិញសារចុះសារឡើង។ លំយោលអគ្គិសនីមានពីរប្រភេទគឺ លំយោលអគ្គិសនីថេរ និងលំយោលអគ្គិសនីថយ។

    65.ដូចម្តេចដែលហៅថា ចរន្តអគ្គិសនីឆ្លាស់?

    ចរន្តអគ្គិសនីឆ្លាស់ គឺជាចរន្តអគ្គិសនីដែលប្តូរទិសដៅពីរដងក្នុងមួយខួប។

    66.តើចរន្តឆ្លាស់ផ្តល់នូវផលអ្វីខ្លះ?

    ចរន្តឆ្លាស់ផ្តល់នូវផលបីគឺ៖ ផលគីមី ផលកម្តៅ និងផលម៉ាញេទិច។

    67.តើចរន្តឆ្លាស់ដែលងាយជាងគេគឺចរន្តអ្វី?

    ចរន្តឆ្លាស់ដែលងាយជាងគេគឺ ចរន្តឆ្លាស់ស៊ីនុយសូអ៊ីត ដែលមានរាង i=Imsinωt+φ

    68.ដូចម្តេចដែលហៅថា អាំងតង់ស៊ីតេចរន្តប្រសិទ្ធ? តើវាមានទំនាក់ទំនងដូចម្តេចជាមួយចរន្តអតិបរមា?

    អាំងតង់ស៊ីតេចរន្តប្រសិទ្ធ គឺជាអាំងតង់ស៊ីតេចរន្តជាប់ដែលឆ្លងកាត់រេស៊ីស្តង់ដូចគ្នាហើយក្នុងរយៈពេលដូចគ្នា មានភាយបរិមាណកម្តៅដូចគ្នា ។ អាំងតង់ស៊ីតេចរន្តប្រសិទ្ធមានទំនាក់ទំនងជាមួយចរន្តអតិបរមាគឺ Im=I2

    69.ដូចម្តេចដែលហៅថា តង់ស្យុងប្រសិទ្ធនៃចរន្តឆ្លាស់? តើវាមានទំនាក់ទំនងដូចម្តេចជាមួយតង់ស្យុងអតិបរមា?

    តង់ស្យុងប្រសិទ្ធនៃចរន្តឆ្លាស់ គឺជាតង់ស្យុងថេរមួយរវាងចុងទាំងពីរនៃរេស៊ីស្តង់សុទ្ធមួយក្នុងរយៈពេលដូចគ្នា មានបរិមាណកម្តៅស្មើគ្នា ។ វាមានទំនាក់ទំនងជាមួយតង់ស្យុងអតិបរមាគឺ Vm=V2

    70.ដូចម្តេចដែលហៅថា រេសូណង់អគ្គិសនី?

    រេសូណង់អគ្គិសនី គឺជាបាតុភូតដែលទទួលបានចរន្តធំបំផុត(ចរន្តអតិបរមា) ក្នុងសៀគ្វី។

    71.តើគេធ្វើសំណង់ប្រេណែលដើម្បីអ្វី?

    គេធ្វើសំណង់ប្រណែលដើម្បីគណនាអំព្លីទុត និងគម្លាតផាសនៃផលបូកអនុគមន៍ស៊ីនុយសូអ៊ីត។

    72.ដូចម្តេចដែលហៅថា ត្រង់ស្វូម៉ាទ័រ ឬត្រង់ស្វូ?

    ត្រង់ស្វូម៉ាទ័រ គឺជាឧបករណ៍អគ្គិសនីប្រើសម្រាប់តំឡើង ឬបន្ថយតង់ស្យុងអគ្គិសនីប្រភពចរន្តឆ្លាស់។

    73.តើគេចែកត្រង់ស្វូម៉ាទ័រជាប៉ុន្មាន?អ្វីខ្លះ? ចូរអោយនិយមន័យនីមួយៗ។

    គេចែកត្រង់ស្វូ ជាពីរប្រភេទគឺ ស៊ួកវ៉ុលទ័រ និងស៊ូវ៉ុលទ័រ៖

  • ស៊ូវ៉ុលទ័រ ជាត្រង់ស្វូប្រើសម្រាប់តម្លើងតង់ស្យុងឆ្លាស់ពីទាបទៅខ្ពស់
  • ស៊ួកវ៉ុលទ័រ ជាត្រង់ស្វូប្រើសម្រាប់បន្ថយតង់ស្យុងឆ្លាស់ពីខ្ពស់ទៅទាប