តើអ្នកធ្លាប់ចាប់អារម្មណ៍ទេថា អ្នកខ្លះបន្ទាប់ពីបានទទួលទានគ្រឿងស្រវឹង​ហើយតែងមានមុខប្រែប្រួលទៅជាពណ៌ក្រហមទៅវិញ? តើនេះមាន​ន័យ​ដូចម្តេច បើប្រៀបធៀបទៅនឹងមនុស្សធម្មតាដែលបន្ទាប់​ពីផឹករួចគ្មាន​អ្វីប្រែប្រួល?

វាមិនមែនជារឿងចម្លែកឡើយ ប្រសិនជានរណាម្នាក់ដែលអ្នកស្គាល់ រឺសូម្បី​តែអ្នកខ្លួនឯងដែលមានបញ្ហានេះដោយសារតែបាតុភូតនេះកើត​ឡើង​លើមនុស្សស្ទើរតែ៣០% ក្នុងចំនោមមនុស្សទាំងអស់លើពិភពលោកហើយ​។ ប៉ុន្តែភាគច្រើននៃអ្នកមានបញ្ហានេះគឺជាប្រជាជនដែលមានកំណើត​នៅក្នុងទ្វីបអាស៊ី ជាពិសេសគឺអាស៊ីបូព៌ាដែលរួមមានចិន ជប៉ុននិង​កូរ៉េ និងនៅអាស៊ីអាគ្នេយ៍មួយចំនួនទៀតដូចជាហ្វីលីពីន និង​វៀត​ណាម​ជាដើម។

ជាទូទៅ នៅពេលដែលអ្នកផឹកគ្រឿងស្រវឹង អង់ហ្សីមដែលនៅក្នុងរាងកាយ​របស់អ្នកនឹងបម្លែងជាតិអាកុលដែលអ្នកផឹកចូលទៅនោះអោយទៅជា​សារធាតុគីមីម្យ៉ាងដែលមានឈ្មោះថា acetaldehydeហើយសារធាតុនេះ​មិនជាល្អសម្រាប់សុខភាពប៉ុន្មាននោះទេ។ ប៉ុន្តែជាធម្មតា សារធាតុនេះ​នឹងត្រូវសាបរលាយក្រោមការបម្លែងអោយទៅជាសារធាតុម្យ៉ាងថ្មីឈ្មោះ​ថា acetate ដោយអង់ហ្សីមមួយប្រភេទទៀតឈ្មោះ ALDH2 ។
ដោយ​សារតែនៅក្នុងខ្លួនរបស់ជនជាតិអាស៊ីមួយចំនួនមានផលិតកម្មនៃ​អង់ហ្សីម ALDH2 មិនគ្រប់គ្រាន់ វាធ្វើអោយការបម្លែងពី acetaldehyde ទៅ acetate មានការយឺតយ៉ាវ។ កាលណាដែលជាតិស្រវឹងនេះមិនត្រូវបានបន្សាប​ទាន់ពេល វាធ្វើអោយស្បែករបស់អ្នកចាប់ផ្តើមប្រែទៅជាពណ៌ក្រហម​។ លើសពីនេះទៅទៀត វាអាចធ្វើអោយចង្វាក់បេះដូងអ្នកមានសភាព​លឿនជាងធម្មតា មានអារម្មណ៍ចង់ក្អួត ចង្អោរ ដែលបញ្ហានេះយូរៗ​ទៅអាចបណ្តាលអោយអ្នកជួបប្រទះនឹងជំងឺមហារីកបំពង់អាហារក៏ថា​បាន ជាពិសេសប្រសិនជាអ្នកឧស្សាហ៍ផឹកស្រា។
ដោយសារបញ្ហានេះភាគច្រើនពាក់ព័ន្ធនឹងហ្សែនរបស់អ្នក វាគ្មានថ្នាំណាដើម្បីព្យាបាលបញ្ហានេះអោយជាសះស្បើយនោះទេ។ វិធីដែលល្អបំផុតសម្រាប់​គេចផុតពីវា គឺជៀសវាងការទទួលទានជាតិស្រវឹងអោយកាន់តែតិចតាមតែធ្វើទៅបានទើបប្រសើរ៕

រក្សាសិទ្ធគ្រប់យ៉ាងដោយ SCI-TEJ / KHLAZ © 2022