គន្លឹះ ៤ យ៉ាងក្នុងការរៀនមុខវិជ្ជាវិទ្យាសាស្ត្រ៖
វិធីសាស្ត្រទី១.ត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្នាក់វិទ្យាសាស្ត្រ
- ព្យាយាមអានមេរៀនឱ្យបានមុន ដោយប្រាកដថាប្អូនអាចស្រង់យកនូវចំណុចសំខាន់ៗ ព្រមទាំងកត់ត្រាទុកនូវសំណួរដែលមានការលំបាក ហើយអាចជាចំណុចគន្លឹះនៃមេរៀនទាំងមូល។
- ព្យាយាមកត់ចំណាំនូវចំណុចសំខាន់ៗនៃមេរៀន និងស្តាប់គ្រូពន្យល់លើបាតុភូតដោយយកចិត្តទុកដាក់ ជាជាងការអង្គុយចាំតែចម្លងមេរៀនពីក្តារខៀន។
- អ្វីដែលមិនគួរភ្លេចនោះគឺការចែករំលែកជាមួយមិត្តភក្តិ ព្រោះមិនប្រាកដថាប្អូនអាចកត់ចំណាំបានរាល់ចំណុចសំខាន់ៗនោះទេ។
- កាន់តែពិសេស បើសិនជាចំណុចណាមួយ គ្រូបញ្ជាក់ដដែលៗ ថាអាចនឹងចេញក្នុងការប្រឡង ចូរកត់ទុកឱ្យខាងតែបាន ហើយព្យាយាមសួរទាល់តែប្រាកដថាខ្លួនពុំមានភាពស្រពិចស្រពិល។
- រំលឹកនូវអ្វីដែលបានរៀនបន្ទាប់ពីមេរៀនត្រូវបានបញ្ចប់ លៃយ៉ាងណាត្រូវប្រាកដថាបានយល់ច្បាស់នៅលើមេរៀន ការបកស្រាយពីបាតុភូត អត្ថន័យនៃរូបភាព ឬដ្យាក្រាម ហើយបើសិនជាអាច សង្ខេបសារឡើងវិញ ដោយប្រើពាក្យឬប្រយោគខ្លីៗដែលខ្លួនងាយចងចាំ។
វិធីសាស្ត្រទី២. ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការពិសោធន៍
- ជាដំបូង ត្រូវដឹងឱ្យបានច្បាស់អំពីគម្រូរនៃរបាយការណ៍ពិសោធន៍ និងព័ត៌មានសំខាន់ៗដែលគួរត្រូវបានសរសេរក្នុងរបាយការណ៍។
- អានឱ្យបានពិស្តារលើទ្រឹស្តី ឬរូបមន្តនៃមេរៀនដែលត្រូវពិសោធន៍ ហើយត្រូវស្វែងយល់ឱ្យបានច្បាស់អំពីមេរៀន ឧបករណ៍ពិសោធន៍ និងវិធីសាស្ត្រដែលត្រូវប្រើ។
- ត្រៀមក្រដាស់ឬសៀវភៅសម្រាប់ទុកកត់ត្រាលទ្ធផលពិសោធន៍។
- អានការណែនាំនិងបម្រាមក្នុងទីពិសោធន៍ឱ្យបានច្បាស់ ឬអាចសុំជំនួយពីគ្រូដឹកនាំពិសោធន៍ ដើម្បីសុវត្ថិភាពជាចម្បង តែបើសិនប្អូន ឬមិត្តភក្តិណាម្នាក់មានគ្រោះថ្នាក់ជាយថាហេតុ ចូររាយការណ៍ទៅកាន់គ្រូដឹកនាំពិសោធន៍ជាបន្ទាន់។
- ពិនិត្យលើលទ្ធផលដែលទទួលបាន ថាតើវាគ្រប់គ្រាន់ទៅតាមគម្រូនៃរបាយការណ៍ហើយឬនៅ ហើយពិតជាត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រដែឬទេ។
- បន្ទាប់ពីការពិសោធន៍ត្រូវបានបញ្ចប់ទាំងស្រុង ត្រូវសរសេររបាយការណ៍ដោយបញ្ចូលនូវទិន្នន័យឱ្យបានគ្រប់គ្រាន់ រួចដាក់ជូនគ្រូពិនិត្យ។
វិធីសាស្ត្រទី៣. រៀនវិទ្យាសាស្ត្រទៅតាមចំណូលចិត្តនិងភាពប៉ិនប្រសប់របស់ខ្លួន
- រកទីតាំងណាមួយដែលប្អូនគិតថាមានបរិយាកាសល្អសម្រាប់ការសិក្សារបស់ខ្លួន។
- មានផែនការសិក្សាច្បាស់លាស់ និងត្រូវព្យាយាមអនុវត្តតាមផែនការនោះឱ្យបានទៀងទាត់។
- មិនត្រូវសិក្សាមុខវិជ្ជាតែមួយមុខយូរពេកនោះទេ ត្រូវជំនួសដោយការសិក្សាមុខវិជ្ជាផ្សេងៗគ្នា ឱ្យបានទៀតទាត់ដើម្បីឱ្យខួរក្បាលមានភាពស៊ាំទៅនឹងពេលវេលាដែលត្រូវទទួលព័ត៌មានតាមមុខវិជ្ជានីមួយៗ។
- ទោះជាយ៉ាងណាក៏ដោយ ត្រូវមានពេលវេលាខ្លះសម្រាប់សម្រាក ដើម្បីឱ្យខួរក្បាលអាចមានថាមពលគ្រប់គ្រាន់ក្នុងការទទួលយកមេរៀនបន្តទៀត។
- បើសិនជាអាច បិទទូរសព្ទ។
- ញាំអាហារដែលមានតុល្យភាពនិងថាមពលគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណបានទៀតទាត់ ចូលគេងនិងក្រោកពីគេងឱ្យបានទៀងទាត់ទោះបីជាថ្ងៃចុងសប្តាហ៍ក៏ដោយ។
- រំលឹកមេរៀនទៅតាមវិធីដែលខ្លួនគិតថាមានប្រសិទ្ធិភាព។
- ស្វែងយល់ឱ្យបានច្បាស់ពីគោលបំណងនៃមេរៀននីមួយៗ។
- ជៀសវាងការព្យាយាមទន្ទិញដើម្បីចងចាំគ្រប់យ៉ាង ចូរប្រើការស្វែងយល់ឱ្យបានច្រើន។
- ដើម្បីងាយចងចាំ គួរប្រើពាក្យសាមញ្ញៗដែលខ្លួនគិតថាងាយស្រួលដើម្បីចងចាំនូវនិយមន័យ ទ្រឹស្តី បាតុភូត និងការបកស្រាយនៅពេលរលឹកមេរៀន។
- ផ្សារភ្ជាប់មេរៀនថ្មីទៅនឹងមេរៀនដែលទាក់ទង ឬបាតុភូតងាយៗដែលជួបប្រទះប្រចាំថ្ងៃ។
- ព្យាយាមបង្កើតសំណួរនិងស្វែងរកដំណោះស្រាយដោយខ្លួនឯង បើទោះបីជាសំណួរខ្លះហាក់ដូចជាភ្លើៗ តែវាអាចជាភាពពិតនៃវិទ្យាសាស្ត្រ រួចសុំជំនួយពីមិត្តភក្តិឬគ្រូបង្រៀនចំពោះសំណួរទាំងឡាយណាដែលលំបាកខ្លាំង។
- ធ្វើលំហាត់និងកិច្ចការសាលាដែលគ្រូដាក់ឱ្យ ឱ្យបានទៀងទាត់។
វិធីសាស្ត្រទី៤. បង្កើតផែនការសម្រាប់រៀនជាក្រុម
- ជ្រើសមិត្តភក្តិដែលមានគំនិតនិងចំណូលចិត្តលើមុខវិជ្ជាដូច ឬប្រហាក់ប្រហែលគ្នា។
- ជួបគ្នាជាប្រចាំតាមផែនការនិងកាលវិភាគ។
- បើសិនជាអាច ស្វែងរកគ្រូបង្រៀនផ្ទាល់ខ្លួន ឬរៀមច្បងដែលមានសមត្ថភាពអាចជួយឱ្យក្រុមដំណើការសិក្សាទៅដោយរលូន។
- ត្រូវប្រាកដថា សមាជិកក្នុងក្រុមចូលរួមនិងទទួលបាននូវចំណេះដឹងដែលជាចំណុចសំខាន់នៃមេរៀននីមួយៗ។
- ដាស់ទឿន និងលើកទឹកចិត្តដល់សមាជិកក្នុងក្រុម៕
0 Comments
Post a Comment
អានហើយយល់អត់? បើអត់យល់ខមិនសួរ...