Food irradiation គឺជាមធ្យោបាយមួយក្នុងការធ្វើអោយអាហារមានសុវត្ថិភាព និងអាចស្ថិតនៅភាពស្រស់បានយូរមិនងាយរលួយ។ វិធីនេះមិនខុសពីវិធីផ្សេងទៀតដូចជាការប្រើប្រាស់ថ្នាំ ការវេចខ្ជាប់ ការក្លាសេ ឬការសំងួតនោះទេ។ យើងប្រើប្រាស់មធ្យោបាយនេះក្នុងគោលបំណងសម្លាប់ពពួកមីក្រូសរីរាង្គដែលជាអ្នកបង្ករជម្ងឺ ឬធ្វើអោយអាហារឆាប់រលួយ។ ការសម្អាតអាហារដោយកាំរស្មីត្រូវបានធ្វើឡើងតាមរយៈការបន្សាយកាំរស្មីហ្កាម៉ានៃអ៊ីសូតូបវិទ្យុសកម្មដែលភាគច្រើនគេប្រើកូបាល់-60(Co-60)។ ថាមពលនៃកាំរស្មីហ្កាម៉ា​ដែលបានបន្សាយ អាចមានលទ្ធភាពសម្លាប់បាក់តេរីបង្កររោគ ឬធ្វើអោយអាហារឆាប់ពុកផុយ តែវាមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើអោយបាត់បង់គុណភាព ឬ ឪជារសរបស់អាហារនោះទេ។ អ្វីដែលសំខាន់ យើងគួរចងចាំថា អាហារមិនមានទំនាក់ទំនងជាមួយអ៊ីសូតូបវិទ្យុសកម្មនោះទេ ហើយវានឹងមិនមានបញ្ហាទេបន្ទាប់ពីត្រូវបានអោយកាំរស្មីវិទ្យុសកម្មឆ្លងកាត់។ ភាគច្រើន បច្ចេកទេសនេះត្រូវបានប្រើប្រាស់ជាមួយបន្លៃ ឬផ្លែឈើដើម្បីបង្អាក់ដំណើរការនៃកោសិការបស់វាតាមរយៈការសម្លាប់ពពួកមីក្រូសារពាង្គកាយដែលមានក្នុង​អាហារ ហើយមូលហេតុនេះអាចបង្អាក់ភាពទុំរបស់ផ្លែឈើ។ ក្រៅពីនេះ គេអាចប្រើវាដើម្បីសម្លាប់មេរោគមួយចំនួនដែលមាននៅក្នុងអាហារប្រភេទសាច់។ ឧទាហរណ៍ប៉ារ៉ាសិតដែលជាដង្កូវនៅ​ក្នុងសសៃឈាមរបស់សាច់ជ្រូកមួយចំនួនត្រូវបានគេសម្លាប់តាមបច្ចេកទេសនេះផងដែរ៕

រក្សាសិទ្ធគ្រប់យ៉ាងដោយ SCI-TEJ / KHLAZ © 2022