ថ្មីៗនេះកាសែត Nikkei របស់ជប៉ុនបានរាយការណ៍អំពីការអនុវត្តប្រកបដោយជោគជ័យរបស់ធនាគារជាតិនៃកម្ពុជាលើគម្រោងរូបិយប័ណ្ណឌីជីថលបាគង (យកឈ្មោះតាមឈ្មោះប្រាសាទបាគងនៃចក្រភពខ្មែរបុរាណ) ។ វាត្រូវបានគេដាក់ឲ្យដំណើរការនៅខែតុលាឆ្នាំ ២០២០ ដើម្បីជួយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ។

គម្រោងរូបិយប័ណ្ណឌីជីថលបាគងទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដោយបច្ចុប្បន្នមានអ្នកប្រើប្រាស់កាបូបឌីជីថលប្រភេទនេះជាង ២០០ ០០០ នាក់ ខណៈអ្នកប្រើប្រាស់ជាង ៥,៩ លាននាក់បានទទួលអត្ថប្រយោជន៍ដោយប្រយោល តាមរយៈការប្រើប្រាស់កម្មវិធីធនាគារតាមអ៊ីនធឺណិត របស់បណ្តាធនាគារជាដៃគូ ។

យោងតាមកាសែត Nikkei ប្រតិបត្តិការជាង ១,៤ លាននៅតាមប្រព័ន្ធរូបិយប័ណ្ណឌីជីថលបាគង ត្រូវបានកត់ត្រាទុកគិតត្រឹមរង្វង់ឆមាសទីមួយនៃឆ្នាំ ២០២១ ដែលមានតម្លៃសរុបប្រហែល ៥០០ លានដុល្លារសហរដ្ឋអាមេរិក ។ នេះគឺជាភស្តុតាងដែលបង្ហាញថា តាមរយៈការប្រើប្រាស់ប្រព័ន្ធធនាគារអេឡិចត្រូនិកបែបប្រពៃណី និងការអនុវត្តកាបូបឌីជីថលប្រកបដោយភាពច្នៃប្រឌិត ផ្តល់ផលប្រយោជន៍ និងភាពងាយស្រួលមួយកម្រិតទៀតដល់អ្នកប្រើប្រាស់សេវារបស់ធនាគារ ក៏ដូចជាធានាគារខ្លួនឯងផ្ទាល់ ៕

រក្សាសិទ្ធគ្រប់យ៉ាងដោយ SCI-TEJ / KHLAZ © 2022