នៅថ្ងៃមួយ លោកញូតុនកំពុងអង្គុយនៅក្រោមដើមប៉ោម ក្នុងសួនច្បារនៅឯផ្ទះនៅស្រុកស្រែ ក៏ឃើញផ្លែប៉ោមរបេះពីមែកធ្លាក់ចុះមកលើដី។ ញូតុនវិញមិនបានស្កប់ចិត្តនឹងត្រឹមពាក្យថា “វាជារឿងធម្មតាទៅតាមក្រឹត្យក្រមធម្មជាតិ” នេះទេ តែបានចោទជាសំណួរកាន់តែស៊ីជម្រៅថែមទៀតថា តើហេតុអ្វីបានជាផ្លែប៉ោមធ្លាក់ចុះមកដី ហើយមិនទៅលើ ឬក៏ទៅខាងឆ្វេង ឬខាងស្តាំ?

ច្បាស់ណាស់ថា ពិតជាមានកម្លាំងអ្វីមួយ ដែលទាញផ្លែប៉ោមឲ្យធ្លាក់ចុះមកខាងក្រោម គឺកម្លាំងដែលគេហៅថា “ទំនាញផែនដី” ក៏ប៉ុន្តែ ញូតុនក៏មិនបានបញ្ឈប់តែត្រឹមនេះដែរ ដោយបានចោទជាសំណួរជាគន្លឹះសំខាន់មួយបន្ថែមទៀតថា បើសិនជាផែនដីមានកម្លាំងទំនាញអាចទាញផ្លែប៉ោមឲ្យធ្លាក់ចុះមកបាន តើកម្លាំងនេះអាចមានឥទ្ធិពលទៅដល់ត្រឹមណា? តើកម្លាំងទំនាញនេះមានឥទ្ធិពលទៅដល់ព្រះចន្ទដែលនៅលើមេឃដែរឬទេ? តើហេតុអ្វីបានជាព្រះចន្ទមិនធ្លាក់ចុះមកផែនដីដូចជាផ្លែប៉ោម? ហើយផ្ទុយទៅវិញ តើហេតុអ្វីបានជាព្រះចន្ទមិនរសាត់ចេញពីគន្លងផែនដីទាំងស្រុង? ញូតុនបានសញ្ជឹងគិតជុំវិញសំណួរទាំងនេះ ដោយសិក្សាទៅលើករណីគ្រាប់ផ្លោង។

ញូតុនគិតថា ប្រសិនបើគេបាញ់កាំភ្លើងផ្លោងពីលើលើកំពូលភ្នំដ៏ខ្ពស់មួយ ហើយបាញ់ក្នុងទិសដៅផ្តេកស្របនឹងផ្ទៃដី បើសិនជាគ្មានឥទ្ធិពលពីកម្លាំងណាផ្សេងទៀតទេនោះ គ្រាប់ផ្លោងគួរតែធ្វើដំណើរក្នុងគន្លងជាខ្សែបន្ទាត់ត្រង់ទៅមុខ។ ផ្ទុយទៅវិញ ក្នុងការពិតជាក់ស្តែង គ្រាប់ផ្លោងធ្វើដំណើរក្នុងគន្លងជាខ្សែកោង គឺឆ្ពោះទៅមុខហើយកោងចុះមកលើផ្ទៃដីវិញ។ នេះគឺដោយសារតែគ្រាប់ផ្លោងទទួលឥទ្ធិពលពីកម្លាំង២ក្នុងពេលតែមួយ ហើយក្នុងទិសដៅកែងគ្នា គឺកម្លាំងដែលបាញ់ចេញទៅមុខ និងកម្លាំងទំនាញផែនដីដែលទាញចុះទៅខាងក្រោម។

បើសិនជាគេបង្កើនកម្លាំងបាញ់កាន់តែខ្លាំង គ្រាប់ផ្លោងមានល្បឿនកាន់តែលឿន ហើយធ្វើដំណើរបានកាន់តែឆ្ងាយ។ គ្រាប់ផ្លោងនៅតែធ្វើដំណើរក្នុងគន្លងជាខ្សែកោង ក៏ប៉ុន្តែ ភាពកោងកាន់តែថយចុះ។ ចុងក្រោយ ញូតុនបានលើកជាសម្មតិកម្មមួយថា ប្រសិនបើគេអាចរកវិធីបាញ់គ្រាប់ផ្លោងក្នុងល្បឿនមួយគ្រប់គ្រាន់អាចឲ្យគ្រាប់ផ្លោងធ្វើដំណើរក្នុងគន្លងជាខ្សែកោងមួយ ដែលស្មើនឹងភាពកោងនៃភពផែនដី គ្រាប់ផ្លោងនេះនឹងធ្វើដំណើរវិលជុំវិញភពផែនដី ហើយញូតុនគិតថា យន្តការនៃកម្លាំងទំនាញនេះ គឺជាយន្តការតែមួយ ដែលធ្វើឲ្យព្រះចន្ទវិលក្នុងគន្លងជុំវិញផែនដី ហើយផែនដី ព្រមទាំងភពផ្សេងទៀតវិលជុំវិញព្រះអាទិត្យ។ ឬអាចនិយាយបានម្យ៉ាងទៀតថា កម្លាំងទំនាញដែលទាញផ្លែប៉ោមឲ្យធ្លាក់ និងទាញព្រះចន្ទឲ្យវិលជុំវិញភពផែនដី វាមិនមែនជាកម្លាំងទំនាញដែលមានសម្រាប់តែផែនដីតែមួយនោះដែរ តែជាកម្លាំងដែលមាននៅពេញក្នុងចក្រវាលទាំងមូល ដែលញូតុនកំណត់ថាជា “កម្លាំងទំនាញសកល”។

រក្សាសិទ្ធគ្រប់យ៉ាងដោយ SCI-TEJ