Pi (π) ដែលជាអក្សរក្រមទី១៦ក្នុងភាសាក្រិច ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងផ្នែគណិតវិទ្យា និងវិទ្យាសាស្ត្រ ដោយតាងឱ្យតម្លៃថេរមួយ។ តាមរយៈនិយមន័យ π គឺជាផលធៀបរវាងបរិមាត្ររង្វង់មួយទៅនឹងអង្កត់ផ្ចិតរបស់វា (π = c/d) ឬយើងអាចហៅបានម្យ៉ាងទៀតថា បរិមាត្ររង្វង់មានតម្លៃស្មើនឹងផលគុណរវាង π និងអង្កត់ផ្ចិតរបស់រង្វង់នោះ (c = πd) ។ តាមរយៈផលធៀបនៃបរិមាត្រទៅនឹងអង្កត់ផ្ចិតនៃរង្វង់ដែលមានទំហំខុសៗគ្នា គេបានតម្លៃរបស់ π នៅតែរក្សាតម្លៃថេរជានិច្ច។
π ពុំមែនជាចំនួនទស្សភាពខួបនោះទេ មានន័យថាតួរលេខបន្តបន្ទាប់ពីក្បៀសមានច្រើនឥតគណនា ហើយពុំមានទីបញ្ចប់នោះទេ ដែលវាអាចត្រូវបានគេហៅថា ទសភាគអនន្ត ។ គណិតវិទូនិងបណ្តាអ្នកសិក្សាគណិតជាច្រើនបានព្យាយាមកំណត់ចំនួនតួនៅខាងក្រោយក្បៀសនៃទសភាគអនន្តនេះ។ ក្រោយមក ជនជាតិចិនម្នាក់ឈ្មោះ លូ ឆាវ ត្រូវបានទទួលស្គាល់ដោយកំណត់ត្រាពិភពលោក បន្ទាប់ពីគាត់កំណត់តួរទសភាគនៃតម្លៃ π រហូតដល់ ៦៧ ០០០ ខ្ទង់។ ក្នុងការសិក្សាគណិតវិទ្យា π ត្រូវបានកំណត់យកតម្លៃស្មើនឹង 3.14 ឬ 3.14159 ហើយជួនកាលវាអាចត្រូវបានសរសេរជាទម្រង់ប្រភាគ 22/7 ឬ 333/106 ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃប្រភាគទាំងពីរនេះ អាចផ្តល់ជាលេខទសភាគដែលត្រឹមត្រូវពីរបីខ្ទង់តែប៉ុណ្ណោះ។ ខ្ទង់ទសភាគ១០០ខ្ទង់ដំបូងរបស់ π គឺ៖
3.14159 26535 89793 23846 26433 83279 50288 41971 69399 37510 58209 74944 59230 78164 06286 20899 86280 34825 34211 7067
គួរបញ្ចាក់ផងដែរថា π ត្រូវបានគេប្រើប្រាស់តាំងពីប្រមាណ ៤០០០ ឆ្នាំមុនមកម្លេះ ដែលពេលនោះវាត្រូវបានរកឃើញដោយបាប៊ីឡូនបុរាណ។ តាមរយៈភស្តុតាងមួយចំនួននៅចន្លោះឆ្នាំ ១៩០០-១៦៨០ មុនគ.ស. π មានតម្លៃ 3.125។ ស្រដៀងនិងគ្នានេះដែរ នៅឆ្នាំ ១៦៥០ មុនគ.ស. ជនជាតិអេស៊ីបបុរាណ Rhind Papyrus បានធ្វើការគណនាក្រឡាផ្ទៃរង្វង់មួយ ដោយជ្រើសយកតម្លៃ π ប្រហែល 3.1605។ តម្លៃ π ដំបូងបង្អស់ត្រូវបានគណនាដោយលោក អាកស៊ីម៉ែត នៅចន្លោះឆ្នាំ ២៨៧-២១២ មុនគ.ស ដោយកំណត់យកតម្លៃរបស់វាចន្លោះ 3 1/7 និង 3 10/71។ ក្រោយមកទៀតនៅចន្លោះឆ្នាំ ៤២៩-៥០១ នៃគ.ស. លោក Zu Chongzi គណិតវិទូជនជាតិចិន បានកំណត់តម្លៃ π គឺ 355/113 តែពុំមានឯកសារបញ្ជាក់នោះទេដោយសារឯកសារពាក់ព័ន្ធនឹងការគណនានេះពុំត្រូវបានគេរកឃើញ។ រហូតដល់ឆ្នាំ ១៧០៦ π ត្រូវបានកំណត់ជាផ្លូវការដោយនិមិត្តសញ្ញា (π) និងតម្លៃ 3.14159 ដោយគណិតវិទូជនជាតិអង់គ្លេស William Jones ៕
0 Comments
Post a Comment
អានហើយយល់អត់? បើអត់យល់ខមិនសួរ...