ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បាននិងកំពុងស្នើឳ្យក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គុំផលិតផល Apple ដែលមានទីតាំងនៅតៃវ៉ាន់ឱ្យដាក់ស្លាកផលិតផលរបស់ខ្លួនថា ផលិតនៅចិនតៃវ៉ាន់ ឬចិនតៃប៉ិ។ ការដាក់ស្លាកបែបនេះបង្ហាញថា តៃវ៉ាន់ជាផ្នែកមួយនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុន Apple បារម្ភថា ការដាក់ស្លាក “ផលិតនៅតៃវ៉ាន់” អាចបង្ករឱ្យមានបញ្ហាដល់ទីផ្សារផលិតផលរបស់ខ្លួននៅក្នុងប្រទេសចិនដែលជាទីផ្សារដ៏ធំបំផុតរបស់ Apple។ ការដាក់ស្លាកសញ្ញាលើកនេះ មិនមែនជាលើកទីមួយដែល Apple ព្យាយាមផ្គាប់ចិត្តប្រទេសចិននោះទេ។ ជាក់ស្តែង នៅឆ្នាំ 2019 Apple បានដកទង់ជាតិតៃវ៉ាន់ចេញពីក្តារចុច emoji សម្រាប់អ្នកប្រើប្រាស់ទាំងនៅក្នុងប្រទេសចិន និងនៅហុងកុង។ កាលពីឆ្នាំមុន Apple ក៏បានផ្តល់ឱ្យរដ្ឋាភិបាលចិនផងដែរ នូវការគ្រប់គ្រងលើទិន្នន័យអ្នកប្រើប្រាស់ក្នុងស្រុក។ Apple បានចាប់ផ្តើមរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនចិននៅលើម៉ាស៊ីនមេកុំព្យូទ័រដែលដំណើរការដោយក្រុមហ៊ុនរដ្ឋរបស់ចិន។ បញ្ហាចុងក្រោយនេះបានធ្វើឱ្យ Apple ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ និងសាធារណៈជនទូទៅ។ 
 
ប្រភព៖ WION