រូបនេះថតនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ដោយ Xinhua

ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Beijing University of Aeronautics and Astronautics របស់ប្រទេសចិន បានទទួលកំណត់ត្រាពិភពលោក Guinness Record សម្រាប់ការបង្កើតដ្រូន Ornithopter មានរាងជាសត្វស្លាប និងហោះហើរដើប្រើស្លាបមេការនិករបស់វា ដែលមានសមត្ថភាពហើរបានរយៈពេលវែងបំផុត គឺ ១ ម៉ោង ៣០ នាទី និង ៤.៩៨ វិនាទី។ គួរបញ្ជាក់ផងដែរថា ដ្រូនសត្វស្លាបនេះមានទម្ងន់ ១.៦ គីឡូក្រាម ស្លាបលាតសន្ធឹងប្រវែង ២ ម៉ែត្រ ដំណើរការដោយថ្មពិលលីចូម-អ៊ីយ៉ុង (lithium-ion) និងមានសមត្ថភាពហោះដោយល្បឿនរហូតដល់ ១០ម៉ែត្រ/វិនាទី។ តាមរយៈលោក ចាវ ឡុងហ្វី ដែលជាសមាជិកក្រុម បានឱ្យដឹងថា 
មុនទទួលបានកំណត់ត្រាពិភពលោកលើកនេះ ក្រុមខ្លួនធ្លាប់បានស្នើបង្ហាញពីការហោះហើរនេះទៅស្ថាប័នកំណត់ត្រាពិភពលោកតាំងពីខែតុលា ឆ្នាំ២០២១ ប៉ុន្តែពេលនោះរយៈពេលនៃការហោះហើរបានត្រឹមប្រហែល ៣០ នាទីប៉ុណ្ណោះ ទើបក្រុមខ្លួនពុំបានទទួលកំណត់ត្រាពិភពលោក។ ក្រោយមកទៀត ក្រុមខ្លួនបានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពហោះហើរ តាមរយៈការកែតម្រូវប្រព័ន្ធអគ្គិសនីនិងអេឡិចត្រូនិក និងឌីណាមិចនៃស្លាប រហូតទទួលបានកំណត់ត្រាពិភពលោក នៅលើកនេះ។ ដ្រូនសត្វស្លាប (Ornithopters) នេះ ត្រូវបានបង្កើតឡើងដោយយកតាមលក្ខណៈរបស់សត្វស្លាបដូចជាប្រចៀវ និងសត្វល្អិតផ្សេងៗទៀត ហើយបច្ចេកវិទ្យានេះអាចត្រូវបានយកទៅប្រើនៅក្នុងការរុករកភពព្រះអង្គារ ការដេញសត្វស្លាបនៅព្រលានយន្តហោះ និងការហោះហើរក្បែរលំហរ (near-space aircraft) ជាដើម។

ប្រភពអត្ថបទ៖ Global Times