តើអ្វីជាកាំរស្មីUV?
កាំរស្មីស្វាយអ៊ុលត្រា (UV) មានទម្រង់ជាកាំរស្មី/រលកអេឡិចត្រូម៉ាញេទិក ដែលមានប្រភពចេញពីព្រះអាទិត្យ ឬចេញពីសកម្មភាពមួយចំនួនរបស់មនុស្ស។ កាំរស្មីស្វាយអ៊ុលត្រាមានច្រើនទម្រង់ ផ្អែកលើបរិមាណថាមពលដែលវាបញ្ជូនចេញពីប្រភព។ ចំពោះកាំរស្មីស្វាយអ៊ុលត្រា ដែលមានថាមពលធំខ្លាំង មានទម្រង់ជាអ៊ីយ៉ុង ដោយវាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្តាច់ចេញនូវអាតូមឬម៉ូលេគុលបាន។ កាំរស្មីដែលមានទម្រង់ជាអ៊ីយ៉ុងប្រភេទនេះអាចបំផ្លាញអាស៊ីតដេអុកស៊ីនុយក្លេអិច (DNA) របស់កោសិការបាន ដែលការនេះអាចនឹងបង្ករជាជម្ងឺមហារីក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាំរស្មីប្រភេទនេះមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីជ្រាបចូលក្នុងខ្លួនប្រាណរបស់យើងបានជ្រៅនោះទេ ដូច្នេះ ផលប៉ះពាល់ភាគច្រើនគឺកើតឡើងនៅលើស្បែកប៉ុណ្ណោះ (រលាកស្បែក មហារីកស្បែក -ល-)។
តើអ្វីជាសន្ទស្សន៍កាំរស្មីUV?
សន្ទស្សន៍កាំរស្មីស្វាយអ៊ុលត្រា (UV) បង្ហាញអំពីកម្រិតឬឥទ្ធិពលប្រចាំថ្ងៃនៃការបន្សាយកាំរស្មីស្វាយអ៊ុលត្រា។ សន្ទស្សន៍នេះបង្ហាញពីកម្រិតនៃកាំរស្មីស្វាយអ៊ុលត្រាអតិបរមានៅពេលថ្ងៃត្រង់។ មានន័យថាកម្រិតនៃកាំរស្មីស្វាយអ៊ុលត្រានៅពេលព្រឹក ពេលថ្ងៃត្រង់ ពេលរសៀល និងពេលយប់មិនដូចគ្នាទេ ដែលជាទូទៅតម្លៃរបស់ខ្ពស់បំផុតនៅពេលថ្ងៃត្រង់។
កម្រិតសន្ទស្សន៍និងវិធានការការពារសុខភាពភ្នែកនិងស្បែក៖
សន្ទស្សន៍ទាប (1-2)៖ គួរពាក់វ៉ែនតាការពារពន្លឺ ពាក់មួក ឬបាំងឆ័ត្រ នៅពេលចេញក្រៅ។ ចំពោះអ្នកដែលមានស្បែកងាយប្រតិកម្ម ការប្រើប្រាស់ឡេការពារកម្តៅជាការល្អ។
សន្ទស្សន៍មធ្យម (3-5)៖ គួរពាក់វ៉ែនតាការពារពន្លឺ ពាក់មួក ឬបាំងឆ័ត្រ នៅពេលចេញក្រៅ។ ព្យាយាមជ្រកនៅកន្លែងដែលមានម្លប់ នៅពេលថ្ងៃក្តៅខ្លាំង និងប្រើឡេការពារកម្តៅថ្ងៃ។
សន្ទស្សន៍ខ្ពស់ (6-7)៖ គួរអនុវត្តវិធីខាងលើទាំងអស់ និងព្យាយាមកុំនៅក្រោមកម្តៅថ្ងៃយូរពេក នៅចន្លោះម៉ោង ១០:០០ ព្រឹក ដល់ម៉ោង ០៤:០០ រសៀល។
សន្ទស្សន៍ខ្ពស់ខ្លាំង (8-10)៖ ស្បែកដែលមិនមានការការពារត្រឹមត្រូវ នឹងខូចយ៉ាងឆាប់រហ័ស ដូច្នេះត្រូវចៀសវាងចេញក្រៅត្រូវកម្តៅថ្ងៃចន្លោះម៉ោង ១០:០០ ព្រឹក ដល់ម៉ោង ០៤:០០ រសៀល។ ប្រសិនបើចាំបាច់ចេញក្រៅ ត្រូវអនុវត្តវិធានខាងលើរួមមានការពាក់វ៉ែនតាការពារពន្លឺ ពាក់មួក ឬបាំងឆ័ត្រ និងព្យាយាមជ្រកនៅកន្លែងដែលមានម្លប់ ឱ្យបានច្រើនតាមដែលអាចទៅរួច។
សន្ទស្សន៍កម្រិតអាសន្ន (11 ឡើងទៅ)៖ ស្បែកដែលមិនមានការការពារត្រឹមត្រូវ នឹងខូចក្នុងរយៈពេលត្រឹមពីរបីនាទីប៉ុណ្ណោះ ដូច្នេះត្រូវចៀសវាងចេញត្រូវកម្តៅថ្ងៃចន្លោះម៉ោង ១០:០០ ព្រឹក ដល់ម៉ោង ០៤:០០ រសៀល។ ប្រសិនបើចាំបាច់ចេញក្រៅ ត្រូវអនុវត្តវិធានខាងលើរួមមានពាក់វ៉ែនតាការពារពន្លឺ ពាក់មួក ឬបាំងឆ័ត្រឱ្យបានខ្ជាប់ខ្ជួន និងព្យាយាមជ្រកនៅទីកន្លែងដែលមានម្លប់។
ប្រភពអត្ថបទ៖ EPA
0 Comments
Post a Comment
អានហើយយល់អត់? បើអត់យល់ខមិនសួរ...