១.តើរ៉ែគឺជាអ្វី?

គឺជាអង្គធាតុអសរីរាង្គដែលកើតឡើងដោយធម្មជាតិក្នុងសំបកផែនដី ។

២.តើយើងអាចកំណត់អត្តសញ្ញាណរ៉ែបានដោយប្រើគោលការណ៍វិទ្យាសាស្ត្រអ្វីខ្លះ?
  • ពណ៌
  • ស្នាមពណ៌
  • ផ្លេកលោហៈ
  • ដង់ស៊ីតេ
  • ភាពរឹង
  • ប្រព័ន្ធគ្រាប់ក្រាម
  • ស្នាមប្រេះ និងបំណែក
៣.តើភាពរឹងរបស់រ៉ែមួយប្រភេទ តើគេគិតទៅលើកត្តាអ្វី?

ភាពរឹងរបស់រ៉ែមួយប្រភេទគឺការធន់ទៅនឹងស្នាមឆ្កួត ។

៤.តើអ្នកវិទ្យាសាស្ត្របានកំណត់យកសំណាកនៃភាពរឹងមានប៉ុន្មាន? អ្វីខ្លះ? តើរ៉ែទាំងនោះមានអ្វីខ្លះ?

មាន១០ ពីថក ទៅពេជ្រដូចជា៖

  • ថក
  • ម្នាងសិលា
  • កាល់ស៊ុត
  • ភ្លុយអតីត
  • អាប៉ាទិច
  • ដែលស្អាត
  • ក្វាត
  • ពេជ្រពណ៌លឿង
  • កូរានដើម
  • ពេជ្រ
៥. តើរ៉ែមានកំណកំណើតដូចម្តេចខ្លះ?

រ៉ែមានកំណើតពី៖

  • រ៉ែបានពីម៉ាក់ម៉ានិងកំអែភ្នំភ្លើងៈ រ៉ែកើតឡើងពីម៉ាក់ម៉ាក្តៅហើយចុះត្រជាក់នៅក្នុងជម្រៅផែនដី ឬកកើតឡើងពីកំអែភ្នំភ្លើងកករឹងលើផ្ទៃផែនដី។
  • រ៉ែបានពីសូលុយស្យុងៈ នៅពេលដែលអង្គធាតុនិងសមាសធាតុដែលរលាយនៅក្នុងទឹក ចេញជាសូលុយស្យុងមួយ កំណក្រោមបានកកើតឡើង។
  • រ៉ែបានពីសិលាប្រែកំណើតៈ ការផ្លាស់ប្តូរសម្ពាធ សីតុណ្ហភាព សិលានឹងទទួលរងនូវលំនាំប្រែកំណើត ហើយសិលាដែលកកើតឡើងក្នុងសិលានោះរួមមានៈ កាល់ស៊ុត កាណេត ក្រាភីត ហេម៉ាទីត ម៉ាញេទីត មីកា និង ថក។
៦. ដើម្បីទាញយករ៉ែមកប្រើប្រាស់ គេប្រើវិធីអ្វីខ្លះ?

ដើម្បីទាញយករ៉ែ គេប្រើវិធី២យ៉ាងគឺៈ

  • ការបូមរយក គឺជាវិធីទាញយករ៉ែលើផ្ទៃដីដូចជាៈ ខ្សាច់ ក្រួស និងកំណប់រ៉ែផ្សេងទៀតដែលនៅបាតទន្លេ ឬសមុទ្រ ដោយប្រើប្រដាប់ចូកពិសេសម្យ៉ាង។
  • ការជីកយក មានបួនប្រភេទ ការជីកយកដោយចំហ ការចូកយកដោយផ្ទាល់ ការជីកយករ៉ែផ្ដេក និងការជីករយករ៉ែបព្យួរ។
៧. ដូចម្តេចដែលហៅថារ៉ែអសិរីរាង្គ?

រ៉ែអសរីរាង្គ ជា ដែលកើតឡើងពីធម្មជាតិ មិនមែនកើតឡើងពីលំនាំនៃវត្ថុមានជីវិត។ រ៉ែទាំងនោះមាន រ៉ែមាស ប្រាក់ ដែក សំណរ អាលុយមីញ៉ូម។ រ៉ែអសរីរាង្គភាគច្រើនកើតពីម៉ាក់ម៉ា។

៨. ចូរប្រៀបធៀបរ៉ែលោហៈនិងរ៉ែអលោហៈដោយរកឧទាហរណ៍មកបញ្ជាក់?

ប្រៀបធៀបរ៉ែលោហៈ និងរ៉ែអលោហៈ

  • រ៉ែលោហៈ ជារូបធាតុមានលក្ខណៈពិសេស មានផ្នែកលោហៈហើយចំលងកំដៅនិងអគ្គិសនីបានល្អ ដូចជា ដែក (Fe) ទង់ដែង(Cu) ប្រាក់(Ag) មាស(Au) សំណ(Pb) អាលុយមីញ៉ូម (AI)។
  • អលោហៈ ជារូបធាតុដែលគ្មានផ្នែកលោហៈ ហើយចំលងកំដៅនិងអគ្គិសនីខ្សោយ គេមិនអាចផែឬហូតជាលូសបានទេ។ ប្រភេទរ៉ែអលោហៈរួមមាន ក្លរ (CI) ផូស្វាត(Po3) ស្ពាន់ធ័រ(S) កាបូន(C) ជាដើម។
៩. តើស្ថាប័នណានៅក្នុងប្រទេសកម្ពុជាដែលទទួលបន្ទុកក្នុងការគ្រប់គ្រងធនធានរ៉ែ?

នៅប្រទេសកម្ពុជា ស្ថាប័នដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានរ៉ែគឺ ក្រសួងឧស្សាហកម្មរ៉ែ និង ថាមពល។

១០. តើរ៉ែឧស្សាហកម្ម និងសំណង់មានរ៉ែអ្វីខ្លះ?

រ៉ែឧស្សាហកម្ម និងសំណង់ដូចជា៖

  • បាសាល់ នៅកំពង់ចាម និងស្នួល
  • ក្រានី នៅភ្នំបាសិត និងកំពង់ឆ្នាំង
  • ថ្មកំបោរ នៅសេរីសោភ័ណ បាត់ដំបង និងកំពត
  • ត្នោត នៅតាកែវ និងកែប
  • ម៉ាប នៅស្ទឹងត្រែង
  • វីយ៉ូលីត នៅកូនភ្នំមួយចំនួនក្បែរទក្រុងភ្នំពេញ
១១. តើកំណប់រ៉ែនៅកម្ពុជា គេបែងចែកជាប៉ុន្មានក្រុម អ្វីខ្លះ?

គេបែងចែកកំណប់រ៉ែនៅប្រទេសកម្ពុជាជាបួនក្រុមគឺ៖

  • ឧស្សាហកម្ម និងសំណង់
  • រ៉ែលោហៈ
  • ត្បូងមានតម្លៃ
  • ថ្មរចនា។
១២. ចូររាប់ឈ្មោះមណ្ឌលរ៉ែសែនសំខាន់ៗនៅកម្ពុជា មណ្ឌលទាំងនោះមានកំណប់រ៉ែអ្វីខ្លះ?

មណ្ឌលរ៉ែសំខាន់នៅកម្ពុជាមាន ៥ គឺ៖

  • មណ្ឌលប៉ៃលិន ត្បូងទទឹម និងកណ្តៀង
  • មណ្ឌលបកែវ (រតនគិរី) ត្បូង និងមាស
  • មណ្ឌលកំពង់ធំ រ៉ែដែក (នៅភ្នំដែក) មាស(កប់ក្នុងដីល្បាប់) និងសំនំប៉ាហាំង(នៅជុំវិញភ្នំដី និងភ្នំលឿង)
  • មណ្ឌលកំពត និងបាត់ដំបង ថ្មកំបោរ និងផូស្វាត
  • មណ្ឌលពោធិ៍សាត់ ថ្មកែវ(ភ្នំតាសាយ) សម្រាប់រចនាជាវត្ថុសិល្បៈ ។
១៣.តើរ៉ែឧស្សាហកម្ម និងរ៉ែសំណង់មាននៅកន្លែងណាខ្លះនៅកម្ពុជា?
  • បាសាល់ នៅកំពង់ចាម និងស្នួល
  • ក្រានីត នៅភ្នំបាសិត និងនៅកំពង់ឆ្នាំង
  • ថ្មកំបោរ នៅសេរីសោភ័ណ បាត់ដំបង និងកំពត
  • រីយ៉ូលីត នៅកូនភ្នំមួយចំនួនក្បែរក្រុងភ្នំពេញ
  • ត្នោត នៅតាកែវ និងកែប
  • ម៉ាប នៅស្ទឹងត្រែង
១៤.តើគេប្រើរ៉ែអ្វីខ្លះ សម្រាប់ប្រើក្នុងឧស្សាហកម្មស៊ីម៉ងត៍ ហើយ នៅក្នុងខេត្តណានៃប្រទេសកម្ពុជា?

មានរ៉ែថ្មកំបោរ និងដូឡូមីត មាននៅក្នុងខេត្តកំពតនៃប្រទេសកម្ពុជា ។

១៥. រ៉ែផូស្វាតិមាននៅខេត្តណាខ្លះនៅប្រទេសកម្ពុជា ហើយគេដឹកយកទៅធ្វើអ្វី?

រ៉ែផូស្វាត នៅខេត្តបាត់ដំបង និងកំពត គេជីកយកទៅធ្វើជីផូស្វាត ។

១៦.តើការធ្វើអាជីវកម្មរ៉ែផ្តល់ផលប៉ះពាល់អ្វីខ្លះដល់បរិស្ថាននិងសង្គម?

ក.បរិស្ថាន

  • បំពុលៈ បំពុលបរិយាកាស ទឹកលើផ្ទៃដី និងទឹកក្នុងដី
  • ការបោះបង់ដីចោលៈ ការបំផ្លាញដីស្រទាប់មានជីជាតិ និងធ្វើអោយខូតខាងផ្ទៃដីជាអចិន្ត្រៃយ៍។
  • សំណល់រឹង
  • សំណល់ធាតុវិទ្យុសកម្ម
  • កំណើតកំដៅ
  • ភ្លៀងអាស៊ីត

ខ.សង្គម

  • ការស្រុតដី បំផ្លាញអគារ ផ្លូវថ្នល់ និងដឹកសិកម្ម
  • រំខានដោយសូរស័ព្ទ ដោយការដាក់អោយផ្ទុះ និងការដឹកជញ្ជូន។
  • គ្រោះថ្នាក់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ
  • គ្រោះថ្នាក់ការងារ
  • ការបៀបំពង់ប្រេង។
១៧. តើលោហៈ ត្បូងមានតម្លៃ និងថ្មរចនា មាននៅតំបន់ណាខ្លះនៃប្រទេសកម្ពុជា?

រ៉ែលោហៈ ត្បូងមានតម្លៃ និងថ្មរចនាមាននៅក្នុងតំបន់

  • បៃលិន មានត្បូងកណ្តៀង ទទឹម និងពេជ្រខ្មែរ ដែលទទួលរងការធ្វើអាជីរកម្មយ៉ាងធ្ងន់ធ្ងរ
  • ខេត្តរតនគិរី មានពេជ្រខ្មែរ មាស និងត្បូងកណ្តៀង គេជីកយកតែក្នុងរដូវប្រាំងក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ។
  • ថ្មកែវ នៅខេត្តពោធិ៍សាត់ សម្រាប់ផលិតគ្រឿងចម្លាក់ខ្មែរ។
១៨. តើគេដឹកថ្មកំបោរនិងដូឡូមីតសម្រាប់ធ្វើអ្វី? ហើយរ៉ែផូស្វាតសម្រាប់ធ្វើអ្វី?

គេជីកថ្មកំបោរនិងដូឡូមីត នៅខេត្តកំពតសម្រាប់យកទៅប្រើប្រាស់ក្នុងឧស្សាហកម្មស៊ីម៉ង់។ ចំណែករ៉ែផូស្វាត នៅខេត្តបាត់ដំបងនិងកំពត គេជីកយកទៅធ្វើជីផូស្វាត។

១៩. តើរ៉ែត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើអ្វីខ្លះ?

រ៉ែ ត្រូវបានគេប្រើប្រាស់សម្រាប់ផលិតរបស់នានាជាច្រើននៅក្នុងប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មដូចជា ផ្លូវគមនាគមន៍ រថយន្ត កុំព្យូទ័រ ជីកសិកម្ម។

២០.តើសិលាគឺជាអ្វី?

សិលាគឺជាល្បាយនៃរ៉ែមួយឬច្រើនប្រភេទ ប៉ុន្តែប្រភេទសិលាខ្លះដូចជាធ្យូងថ្មកើតឡើងពីសារធាតុសរីរាង្គ។

២១.តើគេចាត់ថ្នាក់សិលាជាប៉ុន្មានប្រភេទ? អ្វីខ្លះ?

សិលាមានបីប្រភេទគឺ សិលាម៉ាក់ម៉ា សិលាកម្ទេចកំណ និងសិលាប្រែកំណើត។

២២. តើសិលាម៉ាក់ម៉ាជាអ្វី? គេចាត់ទុកថ្នាក់សិលាម៉ាក់ម៉ាផ្អែកលើអ្វី?

សិលាម៉ាក់ម៉ា ជាប្រភេទសិលាដែលកើតឡើងពីម៉ាក់ម៉ាដែលចុះត្រជាក់ ហើយកករឹងនៅក្នុងសំបកផែនដី។ គេចាត់ទុកសិលាម៉ាក់ម៉ាផ្អែកលើសមាសធាតុផ្សំ និងវាយភាពរបស់វា។ សិលាម៉ាក់ម៉ា ជាប្រភេទសិលាដែលកើតឡើងពីម៉ាក់ម៉ាដែលចុះត្រជាក់ ហើយកករឹងនៅក្នុងសំបកផែនដីហើយក្លាយទៅជាសិលាម៉ាក់ម៉ាដែលមានប្រភេទផ្សេងៗគ្នា អាស្រ័យទៅលើសមាសធាតុផ្សំនិងរយៈពេលដែលវាចុះត្រជាក់និងកករឹង ។

២៣. តើសិលាកម្ទេចកំណចែកជាប៉ុន្មាន? អ្វីខ្លះ?

សិលាកម្ទេចកំណចែកជា ៣ក្រុម គឺសិលាកម្ទេចកំណក្លាស្ទិច សិលាកម្ទេចកំណគីមី និងសិលាកម្ទេចកំណសរីរាង្គ។

២៤. តើសិលាប្រែកំណើតជាអ្វី? ភាគច្រើនស្ថិតនៅឯណា?

សិលាប្រែកំណើត គឺជាសិលាដែលផ្លាស់ប្តូរទម្រង់ វាយភាពឬសមាសធាតុផ្សំរបស់វា។ សិលាប្រែកំណើតភាគច្រើនស្ថិតនៅក្រោមផ្ទៃដីយ៉ាងជ្រៅ។

២៥. តើវដ្តសិលាជាអ្វី?

វដ្តសិលា គឺជាដំណើរផ្លាស់ប្តូរនៃសិលាពីប្រភេទមួយទៅប្រភេទមួយផ្សេងទៀត។

២៦. ចូររៀបរាប់ពីសារៈសំខាន់នៃសិលាចំពោះមនុស្ស?

សិលាគឺជាធនធានធម្មជាតិដ៏សំខាន់សំម្រាប់មនុស្សតាំងពីយូរយារមកហើយ。

  • មនុស្សសម័យដើមប្រើសិលាធ្វើញញូរ ចុងព្រួញ លំពែង កាំបិត និងខ្មាសជាដើម។
  • គេប្រើសិលាដើម្បីធ្វើសំណង់ ប្រាសាទ អគារ និងវិមានផ្សេងៗជាច្រើនសត្វវត្តមកហើយ។
  • សម្រាប់អ្នកវិទ្យាសាស្ត្រ សិលាអាចធ្វើឲ្យយើងដឹងពីប្រវត្តផែនដី និងប្រព័ន្ធព្រះអាទិត្យរបស់យើង ។
  • ផូស៊ីលនៅក្នុងសិលាផ្តល់គន្លឹះអំពីកំណកំណើតជីវិតដែលបានរស់នៅតាំងពីរាប់លានឆ្នាំ។
២៧. តើសិលាកម្ទេចកំណែចែកជាប៉ុន្មាន? អ្វីខ្លះ?

សិលាកម្ទេចកំណចែកជា ៣ក្រុម គឺ

  • សិលាកម្ទេចកំណក្លាស្ទិច
  • សិលាកម្ទេចកំណគីមី
  • សិលាកម្ទេចកំណសរីរាង្គ
២៨.តើម៉ាក់ម៉ាកើតឡើងប៉ុន្មានវិធី? អ្វីខ្លះ?

ម៉ាក់ម៉ាអាចកើតឡើងតាមវិធី ៣យ៉ាងគឺ

  • ពេលសិលាទទួលរងកម្ដៅ
  • ពេលសម្ពាធថយចុះ
  • ពេលសិលាផ្លាស់ប្តូរសមាសធាតុផ្សំ
២៩. គេចាត់ថ្នាក់សិលាកម្ទេចកំណតាមរបៀបណា?

គេចាត់ថ្នាក់សិលាកម្ទេចកំណទៅតាមរបៀបកកើតរបស់វា។

៣០. ចូរពណ៌នាពីដំណើរនៃកំណកំណើតសិលាកម្ទេចកំណ?

ដំណើរនៃកំណកំណើត សិលាកម្ទេចកំណគឺជាកម្ទេចសិលាបានបង្ខំ ហើយភ្ជាប់គ្នា ។ កម្ទេចកំណ ដែលបានបង្កើតសិលាកម្ទេចកំណបានគឺបណ្តាលមកពីសំណឹក និងការហូរព្រោះនៃសិលា ភ្នំភ្លើង សិលាប្រែកំណើត ឬសិលាកម្ទេចកំណផ្សេងៗទៀត ។

៣១. តើអ្នកវិទ្យាសាស្ត្រចាត់ថ្នាក់សិលាដូចម្តេច?

អ្នកវិទ្យាសាស្ត្រចាត់ថ្នាក់សិលាដូចខាងក្រោមៈ

  • សមាសធាតុផ្សំ គឺសមាសធាតុរ៉ែដែលផ្សំ បានជាសិលា ។
  • វាយភាពរបស់សិលា ត្រូវបានគេកំណត់ដោយទំហំ រូបរាងនិងទីតាំងនៃគ្រាប់ដែលវាកើតឡើង ។ វាយភាពរបស់សិលាមានបីគឺ គ្រាប់ម៉ត់ គ្រាប់ មធ្យម និងគ្រាប់ធំ ។
៣២. តើកំអែភ្នំភ្លើង ខុសពីម៉ាក់ម៉ាដូចម្តេច?
  • ម៉ាក់ម៉ាគឺជាសិលារាវ ដែលផ្សំឡើងពីសិលារលាយ ឧស្ម័ននិងទឹក ហើយមានប្រភពនៅក្នុងម៉ង់តូ។
  • កំអែភ្នំភ្លើងគឺជាម៉ាក់ម៉ាដែលឡើងមកដល់ផ្ទៃផែនដី វាហូរចេញនៅពេលមានបន្ទុះភ្នំភ្លើងបង្កើតបានជាផ្ទៃផែនដី។
៣៣. ប្រសិនបើអ្នកមានសិលាប្រែកំណើតពីរមួយមានក្រាមហ្គាណែត ហើយមួយទៀតមានក្រាមក្លរឹត ។តើសិលាមួយណាកើតឡើងនៅជម្រៅជ្រៅជាងគេ ។ ចូរពន្យល់ ។

សិលាប្រែកំណើតមានក្រាមហ្គាណែត កើតឡើងក្នុងជម្រៅជ្រៅជាងសិលាដែលមានផ្ទុកតែក្លរឹត ព្រោះរ៉ែប្រែកំណើតដែលមានក្រាមហ្គាណែត និងមានក្រាមក្លរឹតកើតឡើងក្នុងលក្ខខណ្ឌសីតុណ្ហភាព និងសម្ពាធពិសេសខុសគ្នា គឺសិលាមានក្រាមហ្គាណែត ទទួលរងលំនាំប្រែកំណើតនៅសីតុណ្ហភាពពី ៧០ ទៅ១២០០ អង្សាសេ និងសម្ពាធ (ជម្រៅ) ពី ២៥ ទៅ ៦០គីឡូមែត្រ ។ ចំណែកសិលាមានក្រាមក្លរឹត ទទួលរងលំនាំប្រែកំណើតនៅសីតុណ្ហភាព ៤០០អង្សាសេ និងសម្ពាធ (ជម្រៅ) ៤ ទៅ ៣២ គីឡូម៉ែត្រតែប៉ុណ្ណោះ ។

៣៤. ចូររៀបរាប់ពីសារៈសំខាន់នៃសិលាចំពោះមនុស្ស?

សិលាគឺជាធនធានធម្មជាតិដ៏សំខាន់សំម្រាប់មនុស្សតាំងពីយូរយារមកហើយ。

  • មនុស្សសម័យដើមប្រើសិលាធ្វើញញូរ ចុងព្រួញ លំពែង កាំបិត និងខ្មាសជាដើម។
  • គេប្រើសិលាដើម្បីធ្វើសំណង់ ប្រាសាទ អគារ និងវិមានផ្សេងៗជាច្រើនសត្វវត្តមកហើយ។
  • សម្រាប់អ្នកវិទ្យាសាស្ត្រ សិលាអាចធ្វើឲ្យយើងដឹងពីប្រវត្តផែនដី និងប្រព័ន្ធព្រះអាទិត្យរបស់យើង ។
  • ផូស៊ីលនៅក្នុងសិលាផ្តល់គន្លឹះអំពីកំណកំណើតជីវិតដែលបានរស់នៅតាំងពីរាប់លានឆ្នាំ។
៣៥. តើកត្តាមជ្ឈដ្ឋានអ្វីខ្លះ ដែលបណ្តាលឲ្យសិលាទទួលរងនូវលំនាំប្រែកំណើត?

កត្តាមជ្ឈដ្ឋានដែលបណ្តាលឲ្យសិលាទទួលរងនូវលំនាំប្រែកំណើតដូចជាៈ

  • សម្ពាធ
  • កម្ដៅក្នុងសំបកផែនដី ។
៣៦. តើអត្រាចុះត្រជាក់នៃកំអែភ្នំភ្លើង និងម៉ាក់ម៉ាជះឥទ្ធិពលដល់វាយភាពសិលាម៉ាក់ម៉ាដូចម្តេចខ្លះ?

អត្រាចុះត្រជាក់នៃកំអែភ្នំភ្លើង និងម៉ាក់ម៉ាជះឥទ្ធិពលដល់វាយភាពសិលាម៉ាក់ម៉ាដូចជាកាលណាវាចុះត្រជាក់កាន់តែយឺតនោះក្រាមរបស់វាកាន់តែធំ តែបើវាចុះត្រជាក់កាន់លឿននោះក្រាមរបស់សិលាកាន់តែម៉ដ្ឋ។

៣៧. ដូចម្តេចដែលហៅថា ដំណើរពុកផុយ?

ដំណើរពុកផុយគឺជា ការបាក់បែកជាបំណែកនៃសិលា ជី និងខនិជរបស់សំបកផែនដីតាមរយៈទាំនាក់ទំនងដោយផ្ទាល់ជាមួយបរិយាកាសនៃភព ។

៣៨. ដំណើរការពុកផុយមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

ដំណើរការពុកផុយមានពីប្រភេទគឺ

  • ដំណើរពុកផុយមេកានិច (របេះរូប)
  • ដំណើរពុកផុយគីមី (របេះគីមី)។
៣៩. តើដំណើរការពុកពុយជះឥទ្ធិពលអ្វីខ្លះទៅលើផ្ទៃផែនដី?

ដំណើពុកផុយជះឥទ្ធិពលទៅលើផ្ទៃផែនដីដូចជគឺ ទទួលរងការបំផ្លាញដូចជា ការបែកបាក់ ការរេចរឹល ការប្រេះស្រាំនៃសិលាទាំងឡាយ និងវត្ថុដ៏ទៃទៀតនៅលើផ្ទៃផែនដី។

៤០. តើដំណើរពុកផុយមេកានិច និងដំណើរពុកផុយគីមីបណ្តាលមកពីមូលហេតុសំខាន់ៗអ្វីខ្លះ?
  • មូលហេតុសំខាន់ៗនៃដំណើរពុកផុយមេកានិចគឺ ៖ កំណកនិងការរលាយ សីតុណ្ហភាព ការលូតលាស់នៃរុក្ខជាតិ សកម្មភាពសត្វ និងសំណឹក ។
  • មូលហេតុសំខាន់ៗ នៃដំណើរពុកផុយគីមីគឺ ៖ សកម្មភាពទឹក អុកស៊ីសែន ឧស្ម័នកាបូនិច សារពាង្គកាយមានជីវីត និងទឹកភ្លៀងអាស៊ីត ។
៤១.ចូររៀបរាប់ពីមូលហេតុសំខាន់ៗនៃដំណើរពុកផុយមេកានិចនិងគីមី។

មូលហេតុសំខាន់ៗនៃដំណើរពុកផុយ៖

ដំណើរពុកផុយមេកានិច

  • កំណកនិងការរលាយ
  • សីតុណ្ហភាព
  • ការលូតលាស់នៃរុក្ខជាតិ
  • សកម្មភាពសត្វ
  • ការសឹក។

ដំណើរពុកផុយគីមី

  • ទឹក
  • អុកស៊ីសែន
  • កាបូនឌីអុកស៊ីត
  • សារពាង្គកាយមានជីវិត
  • ភ្លៀងអាស៊ីត។
៤២. តើភ្នាក់ងារសំណឹកមានអ្វីខ្លះ?

ភ្នាក់ងារសំណឹកមាន ៖

  • ទំនាញ
  • ទឹកហូរ
  • ព្រះអាទិត្យ
  • ទឹកភ្លៀង
  • រលក (សមុទ្រ)
  • ផែនទឹកកក
  • កំណក
  • ខ្យល់ ។
៤៣.តើដីគឺជាអ្វី?

ដី គឺជាល្បាយនៃខ្យល់ ទឹក អំបិលខនិជ សារធាតុខនិជ បានមកពីសំណឹក រូបធាតុសរីរាង្គ និង សារពាង្គកាយរស់។

៤៤. តើដីកើតឡើងដោយប្រភពប៉ុន្មានយ៉ាង? អ្វីខ្លះ?

ដីកើតឡើងដោយប្រភព ៣យ៉ាងគឺ៖

  • ការបំបែកធាតុនៃសិលាមេ ក្រោមអំពើនៃបម្រែបម្រួលពីសីតុណ្ហភាព និងប្រតិកម្មគីមី
  • ការពុករលួយនៃរុក្ខជាតិ
  • ជារូបធាតុ ដែលនាំមកពីទីកន្លែងដទៃ ដោយសារខ្យល់ ឬទន្លេ (ទឹកហូរ)។
៤៥.តើវាយភាពនៃដីអាស្រ័យទៅលើអ្វី?

វាយភាពដីអាស្រ័យទៅ នឹងសមាមាត្រធៀបនៃចុណ្ណភាគខ្សាច់ល្បាប់ម៉ដ្ឋ និងដីឥដ្ឋ ។

៤៦.តើដីមានប៉ុន្មានស្រទាប់? ចូររៀបរាប់ពីស្រទាប់នីមួយៗ។

គេចែកស្រទាប់ដីជាបួនគឺៈ

  • ស្រទាប់ ០ ៖ ជាស្រទាប់សម្បូរដោយសារធាតុសរីរាង្គ ។ សំណល់រុក្ខជាតិ រួមមានស្លឹក ឬមែកឈើងាប់បន្សល់ទុកនៅក្នុងស្រទាប់នេះហើយរលួយបន្តចម្តងៗ ។
  • ស្រទាប់ A ស្ថិតនៅក្រោមស្រទាប់ ០ ។ មានពណ៌ខ្មៅ និងសម្បូរដោយសារធាតុសរីរាង្គរលួយ ។ ដីស្រទាប់នេះអាចខ្សត់ជីជាតិ ព្រោះតែការលេចចេញនូវសរធាតុចិញ្ចឹមទៅស្រទាប់ដីជ្រៅខាងក្រោមទៀត ។
  • ស្រទាប់ B ស្ថិតនៅក្រោមស្រទាប់ A ។ សម្បូរទៅដោយសារធាតុចិញ្ចឹមដែលជ្រាបពីស្រទាប់លើៗ ។ ដីស្រទាប់នេះច្រើនសម្បូរទៅដោយសមាធាតុដែកនិងអាលុយមីញ៉ូម ។
  • ស្រទាប់ C ស្ថិតនៅក្រោមស្រទាប់ B ។ ជាស្រទាប់ដែលផ្សំដោយកម្ទេចកម្ចីបានមកពីសំណឹកសិលាមេដោយភាគ ។ ដីស្រទាប់នេះស្ថិតនៅជ្រៅ បណ្តាលឲ្យឫសរុក្ខជាតិភាគច្រើនមិនអាចចាក់ចូលដល់ ហើយដីស្រទាប់នេះច្រើនតែឆ្អែតទឹក ។
៤៧.តើនៅប្រទេសកម្ពុជាដីត្រូវបានគេចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ? ហើយនៅតំបន់ណាខ្លះ?

ដីនៅប្រទេសកម្ពុជា គេបានបែងចែកជា៥ប្រភេទគឺៈ

  1. ដីសិលា លាយខ្សាច់ ជាប្រភេទដីដែលគ្របដណ្តប់នៅតំបន់ប្រជុំភ្នំ តំបន់មាត់សមុទ្រ និងភាគខាងកើតទន្លេមេគង្គរហូតដល់ខ្ពង់រាបឆ្លង។ ដីប្រភេទនេះមានផលប្រយោជន៏ដល់ការលូតលាស់នៃព្រៃឈើ។
  2. ដីក្រហម ឬដីសិលាបាសាល់ ជាប្រភេទដីដែលទទួលការពុកផុយពីសិលាបាសាល់ហើយមានពណ៌ក្រហម ។ ដីប្រភេទនេះមានជីជាតិល្អណាស់សម្រាប់ដំណាំគ្រប់ប្រភេទដូចជា កៅស៊ូ កប្បាស កាផែ តែ សណ្ដែក និងដំណាំហូបផ្លែ ។ ដីក្រហមស្ថិតនៅខ្ពង់រាប់ទាបៗក្នុងខេត្តកំពង់ចាម និងក្រចេះ ក្រៅពីនេះតែឃើញមាននៅប៉ៃលិន ខ្ពង់រាប បរកែវ និងឆ្លងលើ ។
  3. ដីខ្សាច់ ដីប្រភេទនេះវិវត្តមកពីល្បាប់ចាស់មាននៅខ្ពង់រាបជិតជើងភ្នំ។ វាមានកម្ពស់ខ្ពស់ជាងនីវ៉ូទឹកស្ទឹង បឹងបួរ នារដូវទឹកឡើង។ ហើយវាអាចលិចទឹកក្នុងរយៈពេលខ្លីកាលណាមានទឹកជំនន់ខុសពីធម្មតា។ ដីនេះភាគច្រើនមាននៅខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងសៀមរាប ។ ដីបែបនេះជាវាលស្រែដែលមានទំហំ ១០% ទៅ១២%នៃផ្ទៃដីដាំស្រូវសរុប។
  4. ដីល្បាយដីឥដ្ឋ មាននៅតាមទំនាបទាបៗដែលរងនូវទឹកជំនន់ក្នុងរយៈពេលខ្លីពីទន្លេ ឬបឹងដែលនៅក្បែរនោះ។ ដីប្រភេទនេះច្រើនមាននៅប៉ែកខាងត្បូងប្រទេសដូចជាខេត្តព្រៃវែង ស្វាយរៀង កណ្តាល និងតាកែវដែលជាដីស្រែ។
  5. ដីល្បាប់ ជាប្រភេទដីល្បាយ ឬដីពណ៌ត្នោតដែលមានទម្រង់ជាស្រទាប់វិវត្តខ្សោយនៅលើច្រាំងទន្លេ និងជម្រាលនៃច្រាំង។ ដីនេះកកើតនៅតាមមាត់ទន្លេ និងខ្នងជម្រាលទំនាបក្រោយតំបន់មាត់ទន្លេ ហើយតំបន់ក្រោយមាត់ទន្លេដែលជាកន្លែងដាំស្រូវដីសំខាន់មួយតែងតែលិចទឹកនិងទទួលល្បាប់ថ្មីនៅរដូវវស្សារាល់ឆ្នាំ។ ដីនេះភាគច្រើនមានៅខេត្តកណ្តាល ព្រៃវែង ក្រចេះ ស្ទឹងត្រែង និងរាជធានីភ្នំពេញ។ ក្រៅពីដំណាំស្រូវ ដីនេះត្រូវគេប្រើសម្រាប់ដាំបន្លែ ដំណាំហូបផ្លែ និងដំណាំផ្សេងៗ។
៤៨.តើដីខ្សាច់ជាច្រើនមាននៅខេត្តណាខ្លះនៃប្រទេសកម្ពុជា?

ដីខ្សាច់ភាគច្រើនមាននៅខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងសៀមរាប។

៤៩.តើដីប្រភេទណាដែលបម្រើឲ្យវិស័យកសិកម្មបានល្អជាងគេ?

ដីដែលបម្រើឲ្យវិស័យកសិកម្មបានល្អជាងគេគឺ ដីល្បាប់ ព្រោះដីប្រភេទនេះអំណោយផលដល់ដំណាំច្រើនប្រភេទដូចជា ដំណាំបន្លែ ដំណាំហូបផ្លែ និងដំណាំផ្សេងទៀត ជាពិសេសដំណាំស្រូវ ។

៥០.តើដីល្បាយដីឥដ្ឋជាប្រភេទដីយ៉ាងដូចម្តេច? ហើយភាគច្រើនមាននៅកន្លែងណាខ្លះ?

ដីល្បាយដីឥដ្ឋ ជាប្រភេទដីដែលមាននៅតាមទំនាបទាបៗដែលរងនៅទឹកជំនន់ក្នុងរយៈពេលខ្លីពីទន្លេ ឬបឹងដែលនៅក្បែរនោះ។ ដីប្រភេទនេះតែងនៅប៉ែកខាងត្បូងប្រទេសដូចជា ខេត្តព្រៃវែង ស្វាយរៀង កណ្តាល និងតាកែវដែលជាដីស្រែ។

៥១.តើសំណឹកគឺជាអ្វី? ចូររាប់ភ្នាក់ងារសំណឹកឲ្យបានប្រាំមួយ ?

សំណឹកគឺជា កម្លាំងធម្មជាតិដែលធ្វើឲ្យសិលា ឬដីពុកផុយហើយផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយដោយសារខ្យល់ ទឹកហូរ ផែនដីទឹកកក រលក....។

ភ្នាក់ងារសំណឹកសំខាន់ៗនៅលើផ្ទៃផែនដីទាំង៦គឺ ៖

  • ព្រះអាទិត្យ
  • ទឹកហូរ
  • ទឹកកក
  • កំណក
  • ទឹកភ្លៀង
  • ខ្យល់ ។
៥២.ចូរនិយាយពីវដ្តនៃសំណឹក និងការចាក់បង្គួរ។

និយាយពីវដ្តនៃសំណឹក និងការចាក់បង្ករ ៖ សំណឹកកកើតឡើងនៅពេលមានកំណកំណើតភ្នំ បន្ទាប់មកកម្លាំងសំណឹកធ្វើឲ្យភ្នំរេចរិលហើយបំពេញជ្រលងដោយកម្ទេចកំណ ។ សំណឹក និងការចាក់បង្កររួមគ្នាធ្វើឲ្យផ្ទៃដីរាបស្មើបន្ទាប់មកនៅពេលមានសណ្ឋានដីថ្មីកើតឡើង វដ្តសំណឹកបានចាប់ផ្តើមឡើងម្តងទៀត ។

៥៣. តើការហូរភក់ជាអ្វី? តើការហូរភក់បណ្តាលមកពីអ្វី?

ការហូរភក់ គឺជាការហូរចុះយ៉ាងលឿននៃល្បាយទឹក សិលានិងដី។ ការហូរភក់បណ្តាលមកពីទឹក ព្រោះទឹកនៅក្នុងការហូរភក់អាចមានកម្រិតខ្ពស់រហូតដល់ ៦០% ហើយការហូរភក់តែងតែកើតឡើងនៅក្រោយភ្លៀងធំនៅតំបន់ក្តៅ។

៥៤. ដូចម្តេចដែលហៅថា ពាម និង ដីសណ្ត? ចូររាប់ឈ្មោះដីសណ្ដនៅលើពិភពលោកឲ្យបានចំនួនប្រាំ ។
  • ពាមគឺជា កន្លែងជួបគ្នារវាងទន្លេ និងសមុទ្រ ។
  • ដីសណ្តគឺជា ល្បាប់ម៉ដ្ឋធ្លាក់គរលើគ្នានៅមាត់ពាមបង្កើតបានជាដីដុះ។
  • ឈ្មោះដីសណ្ត នៅលើពិភពលោកឲ្យបានចំនួនប្រាំ ៖ ដីសណ្ដទន្លេមេគង្គ ដីសណ្ដទន្លេមីស៊ីស៊ីពី ដីសណ្ដទន្លេគង្គារ ដីសណ្ដទន្លេនីល និងដីសណ្ដទន្លេលឿង ។
៥៥. ដូចម្តេចដែលហៅថាដីឡីស? វាមាននៅតំបន់ណាខ្លះ?

ដីឡឹស គឺជាប្រភេទដីល្បាប់ម្យ៉ាងដែលកើតឡើងដោយសារធូលី និងក្រាមខ្សាច់ម៉ដ្ឋបំផុត។ ដីឡីសសម្បូរនៅ ភាគខាងជើងនៃប្រទេសចិន អឺរ៉ុបកណ្តាលនិងជើងសងខាងទន្លេមីស៊ីស៊ីពី ប្រទេសអាសង់ទីន និងសេឡង់ថ្មី។

៥៦. តើសំណឹកដោយសារខ្យល់កើតឡើងយ៉ាងដូចម្តេច? ចូរពន្យល់។

សំណឹកដោយសារខ្យល់កើតឡើងពីការប៉ើង និង ការសឹក។

  • ការប៉ើង កាលណាខ្យល់បក់រាយដីដូចដីខ្យល់ជាដើម ខ្យល់ប៉ើងកម្ទេចល្អិតៗ ហើយស្រាលជាងគេអោយហុយទៅឆ្ងាយហើយបក់នេះបញ្ចេញសកម្មភាពនៅពេលព្យុះខ្សាច់ដែលកោសផ្តាច់ ហើយបក់នាំកម្ទេចថ្មជាច្រើនតោន។ នៅក្នុងតំបន់ដែលទទួលសកម្មភាពបំប៉ើងដោយខ្យល់ កម្ទេចម៉ដ្ឋដែលជាលទ្ធផលនៃការបំបែកធាតុមេកានិច ឬការបំបែកធាតុគីមីតែងតែត្រូវខ្យល់នាំយកទៅជានិច្ច។
  • ការសឹកៈ ខ្យល់មិនមែនមាននាទីត្រឹមតែបក់នាំគ្រាប់ខ្សាច់នៃភូមិភាគខ្លះប៉ុណ្ណោះទេ វាថែមទាំងយកគ្រាប់ខ្សាច់ទៅបាចរះលើជញ្ជាំងថ្ម ហើយធ្វើអោយសឹកបាន ។ ខ្យល់បង្កើតរន្ធឬឆ្នូតជាច្រើនលើជញ្ជាំងថ្មនោះ។ គ្រាប់ខ្សាច់មានចំនួនច្រើនត្រង់ក្បែរផ្ទៃដី ជាហេតុនាំអោយសំណឹកមានសកម្មភាពខ្លាំងត្រង់កម្ពស់កន្លះម៉ែត្រពីដី។
៥៧.អ្វីទៅជាធនធានធម្មជាតិ? ហេតុអ្វីបានជាគេឲ្យតម្លៃដី (ដីដាំដុះដីស្រទាប់លើ)ជាធនធានធម្មជាតិមួយដែរ?
  • ដែលហៅថា ធនធានធម្មជាតិគឺជាធនធានដែលកើតឡើងដោយធម្មជាតិ ហើយយកចេញពីក្នុងដីនិងត្រូវបានប្រើប្រាស់ដោយមនុស្ស ។ ធនធានទាំងនោះរួមមាន ទឹក ដី ដីស្រទាប់លើ រុក្ខជាតិ អាហារ ថាមពល រ៉ែ ។ល។
  • បានគេចាត់ទុកថា ដីជាធនធានធម្មជាតិមានតម្លៃព្រោះគ្រប់អ្វីៗទាំងអស់ដែលរស់នៅលើផែនដី រួមទាំងមនុស្សផងដែរគឺអាស្រ័យដោយផ្ទាល់ទៅលើដី។
៥៨.តើ ម៉ាហ្វិចមានលក្ខណៈដូចម្តេច?

ម៉ាហ្វិច (Mafic) ជាសិលាពណ៌ក្រម៉ៅមានទម្ងន់ជាងសិលាហ្វែលស៊ិច ព្រោះវាសម្បូរធាតុដែក ម៉ាញេស្យូមនិងកាល់ស្យូម។

៥៩.តើ ហ្វែលស៊ិច មានលក្ខណៈដូចម្តេច?

ហែលស៊ិច ជាសិលាដែលមានពណ៌ភ្លឺ ហើយស្រាលព្រោះវាសម្បូរធាតុស៊ីលីស្យូម អាលុយមីញ៉ូម សូដ្យូមនិងប៉ូតាស្យូម ។

៦០. តើសិលាម៉ាក់ម៉ាមានប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូររៀបរាប់ ។

សិលាម៉ាក់ម៉ាមាន២ប្រភេទគឺៈ

  • សិលាជ្រៀតៈ ជាក្រុមសិលាម៉ាក់ម៉ាដែលកើតឡើងពីការចុះត្រជាក់នៃម៉ាក់ម៉ានៅក្រោមផ្ទៃផែនដី ។ គេអាចហៅសិលាជ្រៀតបានម្យ៉ាងទៀតថា សិលា ប្លូតូនីក ។
  • សិលាភ្នំភ្លើងៈ ជាក្រុមសិលាម៉ាក់ម៉ា ដែលកើតឡើងពីការចុះត្រជាក់នៃម៉ាក់ម៉ានៅលើផ្ទៃផែនដី ។
៦២.តើផែនដីមានចលនាប៉ុន្មាន? អ្វីខ្លះ?

ផែនដីមានចលនាពីរគឺ៖ ចលនារង្វិលជុំ និងចលនារង្វិលខ្ញាល់ ។

៦៣.តើចលនារង្វិលជុំ និងរង្វិលខ្ញាល់ខុសគ្នាដូចម្តេច?
  • រង្វិលជុំ គឺជាចលនារបស់ផែនដីវិលជុំវិញព្រះអាទិត្យ។ ផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យប្រើរយៈពេល ៣៦៥ថ្ងៃ និង៦ម៉ោង ស្មើនឹងមួយឆ្នាំ។
  • រង្វិលខ្ញាល់ គឺជាចលនាផែនដីធ្វើដំណើរជុំអ័ក្សខ្លួនឯង។ ផែនដីធ្វើដំណើរជុំវិញអ័ក្សខ្លួនឯងមួយជុំមានរយៈពេល ២៤ម៉ោងឬមួយថ្ងៃ។
៦៤.ដូចម្តេចដែលហៅថាឥទ្ធិពលកូរីយ៉ូលីស?

ឥទ្ធិពលកូរីយ៉ូលីស គឺជាឥទ្ធិពលដែលធ្វើឲ្យខ្យល់ និង ទឹកសមុទ្រវេរទិស ឬធ្វើចលនាមិនត្រង់។ នៅអឌ្ឍគោលខាងជើងវាវេរទៅស្តាំ ឬស្របទ្រនិចនាឡិកា។

៦៥.ចូររៀបរាប់ពីចំងាយរវាងព្រះអាទិត្យ និងផែនដី។

ចម្ងាយពីផែនដីទៅព្រះអាទិត្យ៖

  • ចម្ងាយឆ្ងាយបំផុតពីផែនដីទៅព្រះអាទិត្យគឺ ១៥២លានគីឡូម៉ែត្រ នៅថ្ងៃទី ០៤ ខែ កក្កដា
  • ចម្ងាយជិតបំផុតពីផែនដីទៅព្រះអាទិត្យគឺ ១៤៧លានគីឡូម៉ែត្រ នៅថ្ងៃទី ០៣ ខែ មករា
  • ចម្ងាយជាមធ្យមគឺ ១៥០ លានគីឡូម៉ែត្រ
៦៦.ដូចម្តេចដែលហៅថា មេឃ ?

មេឃគឺជាគំរូមួយនៃមេឃ ដែលគេប្រឌិតឡើងដើម្បីងាយស្រួលក្នុងការពណ៌នាពីទីតាំង និង ចលនានៃអង្គនៅលើមេឃ ។

៦៧.ចូររៀបរាប់ពីចលនា មេឃប្រចាំថ្ងៃ ។

ពណ៌នាពីចលនា មេឃប្រចាំថ្ងៃ ៖ ប្រសិនបើយើងសង្កេតមើលមេឃនៅពេលយប់ យើងនឹងមើលឃើញតារាទាំងឡាយរៈនៅទិសខាងកើតធ្វើដំណើរកាតើមេឃ ហើយលិចវិញនៅទិសខាងលិចដូចគ្នា នឹងដំណើររបស់ព្រះអាទិត្យដែរ ។ យើងអាចសង្កេតឃើញព្រឹត្តិការណ៍នេះត្រឹមប្រហែល ១០នាទីប៉ុណ្ណោះ ។ តារានៅជើងមេឃខាងកើតរៈកាន់តែខ្ពស់ឡើងៗ ហើយតារានៅជើងមេឃភាគខាងលិចនឹងលិចបន្តិចម្តងៗរហូតលិចបាត់ពីជើងមេឃ ។ នៅក្នុងការពណ៌នាពីគំរូនៃការរៈនិងលិចរបស់តារានេះគឺជាខ្ជិលនៃ មេឃជុំវិញយើង ប៉ុន្តែបច្ចុប្បន្នយើងដឹងថារង្វិលខ្ញាល់របស់ផែនដីគឺជាមូលហេតុដែលធ្វើឲ្យយើងមើលឃើញព្រះអាទិត្យ និងតារាទាំងឡាយរៈនៅទិសខាងកើត និងលិចនៅទិសខាងលិច ។ តាមពិត មេឃមិនធ្វើចលនាជុំវិញផែនដីទេ ប៉ុន្តែផែនដីធ្វើចលនាជុំវិញខ្លួនឯងបណ្តាលឲ្យយើងមើលឃើញដូច្នេះ ។

៦៨. ចូរប្រាប់ពីដំណើររបស់ព្រះអាទិត្យតាមគន្លងទៅលើមេឃ ។

ដំណើររបស់ព្រះអាទិត្យតាមគន្លងនៅលើមេឃគឺ៖ គន្លងព្រះអាទិត្យដែលយើងមើលឃើញនៅលើមេឃចាប់ពីពេលព្រះអាទិត្យរះដល់ពេលលិច គឺជាធ្នូមួយនិងមានរាងដូចគន្លងរបស់អង្គនៅលើមេឃផ្សេងគៀតដែរ ហើយវាគឺជាលទ្ធផលនៃរង្វិលខ្ញាល់របស់ផែនដីវិលជុំវិញអក្សររបស់វា ។ នៅពេលផែនដី និងអ្នកសង្កេតនៅលើផ្ទៃដី វិលជុំវិញខ្លួនពីលិចទៅកើត ធ្វើឲ្យយើងមើលឃើញព្រះអាទិត្យធ្វើចលនាពីកើតទៅលិច ។

៦៩. ដូចម្តេចដែលហៅថាសមរាត្រី? ស៊ុលស្វីស? សេនីត?
  • សមរាត្រី គឺជារយះពេលថ្ងៃ និងពេលយប់ស្មើគ្នា។
  • ស៊ុលស្វីស គឺជារយះពេលថ្ងៃ និងយប់មិនស្មើគ្នា។
  • សេនីត គឺជារយះពេលនៃព្រះអាទិត្យកាត់កែងផែនដីចំមុំ 90អង្សា។
៧០.ស៊ុលស្ទីសវស្សានរដូវ និងស៊ុលស្ទីសសិសិររដូវមានន័យដូចម្តេច?
  • ស៊ុលស្វីសវស្សានរដូវគឺជា ថ្ងៃដែលរយៈពេលថ្ងៃវែងបំផុតនៃឆ្នាំ ឬជាថ្ងៃដែលរយៈកម្ពស់ព្រះអាទិត្យស្ថិតនៅខ្ពស់បំផុតនៃឆ្នាំ ។ ហើយមានន័យថា នៅវស្សានរដូវ ព្រះអាទិត្យឈប់ ។
  • ស៊ុលស្វីសសិសិររដូវគឺជា ថ្ងៃដែលរយៈពេលយប់វែងបំផុតនៃឆ្នាំ ឬជាថ្ងៃដែលរយៈកម្ពស់ព្រះអាទិត្យទាបបំផុតនៃឆ្នាំ ។ ហើយមានន័យថា នៅសិសិររដូវព្រះអាទិត្យឈប់ ។
៧១. នៅថ្ងៃ២១មីនា និងថ្ងៃ២៣កញ្ញា នៅរយះពេលថ្ងៃ និងរយះពេលយប់ស្មើគ្នា គេហៅថាថ្ងៃអ្វី?

នៅថ្ងៃ២១មីនា និងថ្ងៃ២៣កញ្ញា រយះពេលថ្ងៃ និងរយះពេលយប់មានរយះពេលស្មើគ្នា គេហៅថ្ងៃនោះថាជាថ្ងៃ សមរាត្រីនិទាឃរដូវ និងសមរាត្រីសរទរដូវ ដែលមានន័យថា នៅពេលនិទាឃរដូវ និងសរទរដូវ យប់ ថ្ងៃស្មើគ្នា”។

៧២. ដូចម្តេចដែលហៅថា បាតុភូតសូរ្យគ្រាស និងចន្ទគ្រាស?
  • ដែលហៅថា បាតុភូត សូរ្យគ្រាស គឺជាបាតុភូតដែលកើតឡើងនៅពេលដែលព្រះច័ន្ទ ស្ថិតនៅចន្លោះរវាងព្រះអាទិត្យនិងផែនដី នៅពេលនោះគឺស្រមោលរបស់ព្រះចន្ទបានគ្របដណ្តប់ត្រង់ផ្នែកណាមួយនៃ ផ្ទៃផែនដីក្នុងរយៈពេលខ្លី ដោយសារតែព្រះចន្ទមានទំហំតូចជាងភពផែនដី ។
  • ហើយចំពោះបាតុភូតចន្ទគ្រាសគឺជាបាតុភូតដែលភពផែនដីស្ថិតនៅចន្លោះរវាងព្រះអាទិត្យនិងព្រះចន្ទ ពេលនោះស្រមោលរបស់ផែនដីបានគ្របសណ្តប់យ៉ាងសន្សឹមៗលើផ្ទៃព្រះចន្ទទាំងមូល ដោយសារផែនដីមានទំហំធំជាងព្រះចន្ទ ។
៧៣.ដូចម្តេចដែលហៅថា បាតុភូតគ្រាស?

បាតុភូតគ្រាស កើតឡើងនៅពេលស្រមោលនៃអង្គមួយចោលស្រមោលទៅលើអង្គមួយទៀត។

៧៤.ហេតុអ្វីបានជាគេនិយាយថាផែនដីគឺជាភពតែមួយគត់ដែលអាចទ្រទ្រង់ជីវិតបាន?

បានជាគេថាផែនដីគឺជាភពតែមួយគត់ដែលអាចទ្រទ្រង់ជីវិតបានព្រោះក្នុងចំណោមភពទាំងអស់របស់ប្រព័ន្ធព្រះអាទិត្យ ផែនដីគឺជា ភពតែមួយគត់ដែលមានទឹក និងបរិយាកាស ដែលសម្បូរដោយឧស្ម័នអុកស៊ីសែនដែលមានសារៈសំខាន់សម្រាប់ទ្រទ្រង់ជីវិតនានា ។

៧៥.តើការសិក្សាទីតាំងរបស់តារានិករបានជួយមនុស្សសម័យមុខអ្វីខ្លះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ?

ការសិក្សាទីតាំងរបស់តារានិករមានសារៈសំខាន់សម្រាប់មនុស្សសម័យមុន ព្រោះវាបានផ្តល់ជាមធ្យោបាយដើម្បីវាស់វែងពេលវេលា។ ក្រៅពីនេះ គេបានប្រើវាដើម្បីទស្សន៍ទាយព្រឹត្តិការណ៍នានាដែលមានសារៈសំខាន់សម្រាប់ការរស់នៅលើផែនដី។

៧៦.តើគំរូប្រព័ន្ធផែនដីនៅចំកណ្តាលមានន័យដូចម្តេច?

គំរូប្រព័ន្ធផែនដីនៅចំកណ្តាល គឺជាគំរូមួយដែលបង្ហាញថាផែនដីស្ថិតនៅចំណុចកណ្តាលដៃសកល ហើយព្រះអាទិត្យនិងភពដទៃទៀតធ្វើដំណើរជុំវិញផែនដី។

៧៧.តើគំរូប្រព័ន្ធព្រះអាទិត្យនៅចំកណ្តាលមានន័យដូចម្តេច?

គំរូប្រព័ន្ធព្រះអាទិត្យនៅចំកណ្តាល គឺជាគំរូមួយដែលអ្នកវិទ្យាសាស្ត្រយល់ឃើញថា ភពផែនដី និងភពដ៏ទៃធ្វើដំណើរជុំវិញព្រះអាទិត្យ។

៧៨.តើគំរូរបស់លោកកូពែនិក និងគំរូរបស់លោកតូលេមីអំពីសកលខុសគ្នាដូចម្តេចខ្លះ?

គំរូរបស់លោកកូពែនិក និងគំរូរបស់លោកតូលេមីអំពីសកលខុសគ្នាដូចតទៅ ៖

គំរូរបស់លោកតូលេមី៖

  • ផែនដីស្ថិតនៅចំណ្តាលប្រព័ន្ធមួយដែលមានភពនិងតារាជាច្រើន ។
  • ភពធ្វើដំណើរនៅលើគន្លងរង្វង់ពីតូចទៅធំបន្តបន្ទាប់គ្នា។
  • ចលនារបស់ភពឆ្លងកាត់មេឃ ពីកើតទៅលិចគឺបណ្តាលមកពីរង្វិលនៃរង្វង់ដ៏ធំមួយ មានលក្ខណៈដូចគ្នានឹងខ្នងកង់រទេះដែលកំពុងងវិល ។
  • ចលនាដើរថយក្រោយកើតឡើងចំពោះភពណាដែលមានគន្លងតូចឲ្យធ្វើចលនាក្នុងទិសដៅបញ្ច្រាស ។

គំរូរបស់លោកកូពែនិក ៖

  • ព្រះអាទិត្យនៅចំកណ្តាល ហើយផែនដីនិងភពផ្សេងៗ ទៀតវិលជុំវិញព្រះអាទិត្យ ។
  • ចលនាដើរថយក្រោយកើតមានចំពោះភពមួយដែលមានគន្លងតូចដើរកាត់ពីមុខភពមួយទៀតដែលមានគន្លងធំជាង ។
៧៩.តើលោកកាលីឡេអូបានរកឃើញអ្វីខ្លះ ដែលគាំទ្រដល់គំរូព្រះអាទិត្យនៅចំកណ្តាល? តាមរយៈឧបករណ៍ឈ្មោះអ្វី?

លោកកាលីឡេអូបានរកឃើញភស្តុតាងមួយចំនួនដែលគាំទ្រគំរូព្រះអាទិត្យនៅចំកណ្តាលលរួមមាន ៖

  • គាត់បានសង្កេតឃើញនៅលើផ្ទៃព្រះចន្ទមានភ្នំជាច្រើន មានលក្ខណៈដូចជាភ្នំលើផែនដីដែរ ។ ដូច្នេះគាត់បានសន្និដ្ឋានថាព្រះចន្ទពុំមែនជាអង្គចម្លែកនោះទេ គឺវាជាអង្គសិលាមួយដែរ ។
  • គាត់បានសង្កេតឃើញនៅលើផ្ទៃព្រះអាទិត្យមានស្នាមអុចខ្មៅ ។ ទីតាំងរបស់ស្នាមអុចផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ។ របកគំហើញបញ្ជាក់ថាព្រះអាទិត្យពុំមែនជាអង្គមូលភ្នំនោះទេនៅលើផ្ទៃមានសកម្មភាពនិងមានរង្វិលខ្ញាល់ ។
  • នៅឆ្នាំ ១៦១០ គាត់បានរកឃើញព្រះចន្ទបួនធ្វើដំណើរជុំវិញភពព្រហស្សី ។ គាត់បានបញ្ជាក់ថាចលនារបស់ព្រះចន្ទតាំងនេះបង្ហាញថាពុំមែនគ្រប់អង្គទាំងអស់សុទ្ធតែវិលជុំវិញផែនដីនោះទេ ។
  • គាត់បានសង្កេតកាឡាក់ស៊ីមើលគី និងបានរកឃើញថានៅមានតារាច្រើនទៀតនៅក្នុងសកល ។
  • លោកកាលីឡេអូបានរកឃើញភស្តុតាងជាច្រើនគាំទ្រ ប្រព័ន្ធគំរូព្រះអាទិត្យនៅចំកណ្តាលតាមរយៈឧបករណ៍ឈ្មោះ តេឡេទស្សន៍ ។
៨០.តើលោកឃើញ័របានរកឃើញអ្វីទាក់ទងនឹងគន្លងរបស់ភព?

លោកឃើព័របានឃើញថាគន្លងរបស់ភពមានរាងពងក្រពើ ឬអេលីប ។

៨១.តើតារាវិទូបច្ចុប្បន្នធ្វើការសង្កេតមេឃដោយប្រើឧបករណ៍អ្វីខ្លះ?

តារាវិទូបច្ចុប្បន្ន ធ្វើការសង្កេតមេឃដោយប្រើឧបករណ៏ដូចជា៖ តេលេទស្សន៏ដាក់តាំងនៅលើផ្ទៃផែនដី តេឡេទស្សន៏បង្ហោះទៅក្នុងលំហ។ ក្រៅពីនេះអ្នកវិទ្យាសាស្ត្របានបញ្ជូនអវកាសយាន្តនិកទៅព្រះចន្ទ និងបានបង្ហោះយានជាច្រើនទៀតឲ្យសិក្សានៅអង្គផ្សេងៗក្នុងប្រព័ន្ធព្រះអាទិត្យ។

៨២. តើទ្រឹស្ដីព្រះអាទិត្យនៅចំកណ្តាលរបស់លោកកូពែនិចអាចពន្យល់អំពីអ្វីខ្លះ?

ទ្រឹស្ដីព្រះអាទិត្យនៅចំកណ្តាលរបស់លោកកូពែនិច អាចពន្យល់អំពីចលនាដើរថយក្រោយ ព្រមទាំងអាចកំណត់ចម្ងាយពីភពទៅព្រះអាទិត្យដោយប្រើរូបមន្តធរណីមាត្រ ។

៨៣. លោកទីកូប្រាបានបដិសេធន៍គំរូព្រះអាទិត្យនៅចំកណ្តាលប៉ុន្តែគាត់បានគាំទ្រគំរូផែនដីនៅចំកណ្តាល ។ តើការគិតរបស់លោកទីកូប្រាខុសពីគំនិតរបស់លោកតូលេមិដូចម្តេច?

លោកទីកូប្រាបានបដិសេធន៍គំរូព្រះអាទិត្យនៅចំកណ្តាលប៉ុន្តែគាត់បានគាំទ្រគំរូផែនដីនៅចំកណ្តាល ។ ការគិតរបស់លោកទីកូប្រាខុសពីគំនិតរបស់លោកតូលេមីត្រង់ថាលោកទីកូប្រាជឿថាភពផ្សេងទៀតវិលជុំវិញព្រះអាទិត្យ ប៉ុន្តែព្រះអាទិត្យ និងព្រះចន្ទធ្វើដំណើរជុំវិញផែនដី ។

៨៤.ចូរនិយាយពីច្បាប់ចលនារបស់លោកឃើញ័រ។

ពន្យល់ពីច្បាប់ទាំងបីរបស់លោកឃើញ័រ ៖

  • ច្បាប់ចលនាទី១ បានពីការសិក្សាចលនាភពអង្គារដោយរកឃើញថាភពមិនធ្វើចលនាតាមគន្លងរាងរង្វង់ជុំវិញព្រះអាទិត្យទេ គឺ វាធ្វើចលនាជារាងអេលីប ឬរាងពងក្រពើ ។
  • ច្បាប់ចលនាទី២ លោកឃើព័របានរកឃើញថាភពទាំងអស់ហាក់ដូចជា ធ្វើចលនាលឿននៅពេលពួកវាទៅជិតព្រះអាទិត្យ និងធ្វើដំណើរកាន់តែយឺត នៅពេលពួកវាឃ្លាតកាន់តែឆ្ងាយពីព្រះអាទិត្យ ។
  • ច្បាប់ចលនាទី៣ របស់លោក ឃើព័រគឺ ប្រៀបធៀបពេលវេលានៃរង្វិលជុំរបស់ភពមួយជាមួយនឹងអ័ក្សពាក់កណ្តាលគោលរបស់វា ។
៨៥.តើជំនាញផ្ទៃលើជាអ្វី?

ទំនាញផ្ទៃលើ គឺជារង្វាស់កម្លាំងទំនាញស្ថិតនៅផ្ទៃខាងលើនៃភពឬតារានឹង។ វាគឺជាសំទុះនៅលើម៉ាសដែលបង្កើតឡើងដោយកម្លាំងទំនាញនៅចំនុចនោះ។

៨៦.តើកម្លាំងទំនាញរវាងវត្ថុពីរអាស្រ័យនឹងលក្ខណៈអ្វីខ្លះ?

កម្លាំងទំនាញរវាងវត្ថុពីរអាស្រ័យនឹងលក្ខណៈម៉ាសរបស់វត្ថុនឹងចម្ងាយរវាងវត្ថុពីរ។

៨៧.តើល្បឿនរបស់ភពឬផ្កាយដុះកន្ទុយនឹងប្រែប្រួលដូចម្តេចនៅពេលវាស្ថិតនៅជិតឬឆ្ងាយពីព្រះអាទិត្យ? ចូរពន្យល់ ។

ល្បឿនរបស់ភពឬ ផ្កាយដុះកន្ទុយនឹងប្រែប្រួលនៅពេលវាស្ថិតនៅជិតឆ្ងាយពីព្រះអាទិត្យ លោកឃើព័របានរកឃើញថាភពទាំងអស់ធ្វើចលនា លឿននៅពេលពួកវាខិតទៅជិតព្រះអាទិត្យ ព្រោះវា មានគន្លងតូចនិងទំនាញខ្លាំង ហើយភពធ្វើចលនាយឺតនៅពេលវាឆ្ងាយពីរព្រះអាទិត្យ ព្រោះវាគន្លងធំនិងទំនាញខ្សោយ។

៨៨.តើទំនាញរក្សាភពមួយឲ្យធ្វើចលនានៅក្នុងគន្លងជុំវិញព្រះអាទិត្យដូចម្តេច?

ទំនាញរក្សាភពមួយអោយធ្វើចលនានៅក្នុងគន្លងជុំវិញព្រះអាទិត្យក្នុងចលនារាងពងក្រពើ ឬអេលីប ហើយភពទាំងអស់ធ្វើចលនាលឿននៅពេលពួកវាខិតជិតព្រះអាទិត្យ និងធ្វើដំណើរយឺតនៅពេលពួកវាឃ្លាតកាន់តែឆ្ងាយពីព្រះអាទិត្យ។

៨៩.ឧបមាថាភពមួយមានព្រះចន្ទពីរ ហើយព្រះចន្ទមួយស្ថិតនៅឆ្ងាយជាងព្រះចន្ទមួយទៀតពីរដង ។ តើព្រះចន្ទណាមួយវិលបានមួយជុំភពនោះមុនគេ? ចូរពន្យល់។

ព្រះចន្ទស្ថិតនៅជិតភពវិលបានមួយជុំភពនោះមុន ព្រោះព្រះចន្ទនៅជិតមានគន្លងតូច និងមានកម្លាំងទំនាញខ្លាំងជាងព្រះចន្ទដែលស្ថិតនៅឆ្ងាយ ដែលជាហេតុធ្វើអោយព្រះចន្ទនៅជិតធ្វើចលនាលឿន និងវិលជុំវិញភពនោះបានមុនព្រះចន្ទនៅឆ្ងាយ។

៩០.តើមានការពន្យល់អ្វីខ្លះ អំពីកំណកំណើតព្រះចន្ទមុនពេលអ្នកវិទ្យាសាស្ត្រដឹងសមាសធាតុផ្សំរបស់វាតាមរយៈគំរូសិលា?
  • ជាអង្គដាច់ដោយឡែកមួយដែលបានទាញដោយទំនាញផែនដី
  • កើតឡើងក្នុងពេលជាមួយគ្នានិងកើតពីរូបធាតុដូចភពផែនដីដែរ
  • ភពផែនដីកើតឡើងដំបូង វិលយ៉ាងលឿនជះបំណែកមួយឲ្យខ្នាតចេញក្លាយទៅជាព្រះចន្ទ
៩១.តើកំណកំណើតព្រះចន្ទកើតឡើងដូចម្តេច?

ព្រះចន្ទកើតឡើងដូចតទៅ៖

  • ការបុកទង្គិច ៖ ប្រហែល ៤៦០០លានឆ្នាំមុន មានអង្គធំមួយបានបុកទង្គិចជាមួយភពផែនដីនៅពេលវាពុំទាន់កករឹង ។ អ្នកវិទ្យាសាស្ត្រលើកហេតុផលថាអង្គនោះត្រូវតែធំល្មមដើម្បីឲ្យម៉ង់តុរបស់ផែនដីខ្នាតចេញទៅក្នុងលំហព្រោះសមាសធាតុផ្សំរបស់ព្រះចន្ទស្រដៀងគ្នានឹងម៉ង់តូរបស់ផែនដី ។
  • ការខ្នាតចេញ ៖ កម្ទេចកម្ចីបានពីបុកទង្គិចចាប់ផ្តើមធ្វើចលនាជុំវិញផែនដីក្នុងរយៈពេលពីរបីម៉ោងបន្ទាប់ពីមានការបុកទង្គិច ។ កម្ទេចកម្ចីនេះផ្សំឡើងពីរូបធាតុម៉ង់តូផែនដីនិងអង្គដែលទង្គិចជាមួយវា ។
  • ការកកើត ៖ បន្ទាប់ពីការបុកទង្គិចភ្លាមៗររូបធាតុដែលបានខ្នាតចេញទៅក្នុងគន្លងជុំវិញផែនដីចាប់ផ្តើមផ្តុំចូលគ្នាបង្កើតជាព្រះចន្ទ ។ ក្រោយមកនៅពេលព្រះចន្ទចុះត្រជាក់មានការបុកទង្គិចទៅលើវាបន្ថែមទៀតដោយបង្កើតបាននូវអាងជ្រៅៗ និងស្នាមប្រេះជាច្រើននៅលើផ្ទៃ ។ កំអែភ្នំភ្លើងហូរចេញពីស្នាមប្រេះ ហើយជន់លិចអាងទាំងនោះបង្កើតបានជាម៉ារីយ៉ាដូចសព្វថ្ងៃ ។
៩២.តើជំនោរសមុទ្រនិងជំនោរទ្វីបកើតឡើងដូចម្តេច?

ជំនោរសមុទ្រ និងជំនោរទ្វីបកើតឡើងដោយសារ ៖

  • ជំនោរសមុទ្រ កើតឡើងពេលផ្ទៃដីមានកម្ដៅបង្កើតបានជាខ្យល់ក្តៅស្រាលហោះឡើងលើ បណ្តាលឲ្យមានសម្ពាធខ្សោយជាងខ្យល់សមុទ្រ ដែលត្រជាក់និងមានសម្ពាធខ្លាំងធ្វើឲ្យខ្យល់ធ្វើចលនាពីសមុទ្រទៅកាន់ទ្វីបបង្កើតបានជាជំនោរសមុទ្រ ។
  • ជំនោរទ្វីប កើតឡើងពីខ្យល់នៅលើទ្វីបពេលយប់ចុះត្រជាក់ ជាងខ្យល់នៅក្នុងមហាសមុទ្រជាហេតុបណ្តាលឲ្យមានសម្ពាធខ្លាំងនៅលើទ្វីប និងសម្ពាធខ្សោយនៅលើមហាសមុទ្រធ្វើឲ្យមានខ្យល់បក់ពីទ្វីបចុះមកមហាសមុទ្រវិញបង្កើតបានជាជំនោរទ្វីប ។
  • ខ្យល់បក់ បណ្តាលមកពីកម្ដៅ មិនស្មើគ្នានៅលើផែនដី ។ បម្រែបម្រួលកម្ដៅនេះបង្កើតឲ្យមានក្រវាត់សម្ពាធនៅរៀងរាល់ប្រហែល ៣០ម្តងខ្យល់និងទឹកធ្វើចលនាវេរ (កោង) ដោយសារឥទ្ធិពល កូរីយ៉ូលីស។
  • ខ្យល់បក់នៅលើផែនដីមានពីរប្រភេទ គឺខ្យល់បក់ប្រចាំទីនិងខ្យល់បក់ ប្រចាំតំបន់ ។ មានតំបន់ស្ងប់ខ្យល់ពីរស្ថិតនៅជុំវិញអេក្វាទ័រ និងរយៈទទឹង ៣០ ។ ចរន្តសេតស្ត្រីមមិនត្រូវបានគេចាត់ទុកជាខ្យល់ បក់ប្រចាំតំបន់ទេ ព្រោះមានទិសដៅពុំទៀងទាត់ ។
៩៣.តើជំនោរសមុទ្រមានប៉ុន្មាន? អ្វីខ្លះ?

គេចែកជំនោរសមុទ្រជាពីរប្រភេទគឺ

  • ជំនោរប្រទាញឈម
  • ជំនោរប្រទាញកែង
៩៤.ហេតុអ្វីបានជាមានជំនោរ និងលំនាចទឹកសមុទ្រ?

បានជាមានជំនោរនិងលំនាចទឹកសមុទ្រ ព្រោះដោយសារកម្លាំងទំនាញរបស់ព្រះចន្ទនិងព្រះអាទិត្យមកលើផ្ទៃផែនដី។

៩៥.ចូររៀបរាប់ពីលក្ខណៈពិសេសនៅលើផ្ទៃលើព្រះចន្ទដោយសង្ខេប។

លក្ខណៈពិសេសនៅលើផ្ទៃព្រះចន្ទរួមមាន ម៉ារីយ៉ា មាត់ភ្នំភ្លើង និងដីខ្ពស់។

  • ម៉ារីយ៉ា គឺជាសិលាកករឹងដែលកើតឡើងពីលំហូរម៉ាក់ម៉ាដ៏ច្រើនកាលពី ៣-៤ពាន់លានឆ្នាំមុន។
  • មាត់ភ្នំភ្លើង គឺជារណ្ដៅធំៗជាច្រើននៅលើផ្ទៃព្រះចន្ទ ។
  • ដីខ្ពស់ គឺជាតំបន់ដែលមានផ្ទៃភ្លឺ ដែលអាចមើលឃើញនៅលើផ្ទៃព្រះចន្ទ។
៩៦.តើការដឹងអាយុសិលានៃព្រះចន្ទអាចជួយតារាវិទូឲ្យប៉ាន់ស្មានអាយុនៃផ្ទៃលើរបស់ភពមួយ ឧទាហរណ៍ ភពពុធយ៉ាងដូចម្តេច?

ការដឹងអាយុសិលានៃព្រះចន្ទអាចជួយតារាវិទូឲ្យប៉ាន់ស្មានអាយុនៃផ្ទៃលើរបស់ភពមួយបាន។ ឧទាហរណ៍ ភពពុធដោយសារភពទាំងអស់នៅក្នុង ប្រព័ន្ធព្រះអាទិត្យកើតឡើងក្នុងពេលជាមួយគ្នា ហើយមានសមាសធាតុផ្សំដូចគ្នាដូចនេះការដឹងអាយុសិលានៅភព ព្រះចន្ទអាចឲ្យតារាវិទូដឹង ពីអាយុសិលានៅភពពុធដូចគ្នា។

៩៧.តើទម្រង់ក្នុង និងបរិយាកាសព្រះអាទិត្យមានអ្វីខ្លះ?

ទម្រង់ក្នុងនិង បរិយាកាសព្រះអាទិត្យចេញពីរផ្នែកខាងក្នុងមកផ្នែកខាងក្រៅ ៖

  • ស្នូលស្ថិតនៅកណ្តាលព្រះអាទិត្យជាកន្លែងផលិតថាមពលមានកាំរស្មីប្រហែល ២០០ ០០០ គ.មនិងសីតុណ្ហភាពជិត ១៥ លានអង្សាសេ ។
  • តំបន់រំភាយរស្មីជាតំបន់ហាប់ណែនមានកម្រាស់ប្រហែល ៣០០ ០០០គ.ម ។ ពន្លឺត្រូវប្រើពេលរាប់លានឆ្នាំដើម្បីឆ្លងកាត់តំបន់នេះ ដោយសារអាតូមទាំងឡាយចងសម្ព័ន្ធគ្នាយ៉ាងណែន ។
  • តំបន់រង្វល់មានកម្រាស់ប្រហែល ២០០ ០០០ គ.មជាកន្លែងដែលមានឧស្ម័នធ្វើចលនាវិលវល់ក្នុងលក្ខណៈជាចរន្តរង្វល់ ។ ឧស្ម័នក្ដៅស្ទុះឡើងទៅលើចំណែកឧស្ម័នត្រជាក់លិចចុះក្រោម ។
  • មណ្ឌលហ្វូតូគឺជា កន្លែងមានឧស្ម័នល្មមអាចមើលឃើញបាន ។ មណ្ឌលហ្វូតូ ជាផ្ទៃលើរបស់ព្រះអាទិត្យដែលយើងមើលឃើញ វាមានកម្រាស់ ៦០០គ.ម ។
  • មណ្ឌលក្រម៉ូគឺជា តំបន់ស្តើងស្ថិតនៅពីក្រោមកូរ៉ូណាមានកម្រាស់ ៣០០០ គ.ម ។ មណ្ឌលក្រម៉ូមានពណ៌ក្រហមស្លេកមើលស្ទើរពុំឃើញប្រសិនបើគ្មានសូរ្យគ្រាសពេញទេ ។
  • ក្លរ៉ូណា គឺជាបរិយាកាសខាងក្រៅរបស់ព្រះអាទិត្យនិងអាកាសលាតសន្ធឹងក្នុងចម្ងាយពី ១០ ទៅ ២០ដង នៃអង្កត់ផ្ចិតព្រះអាទិត្យ ។ ឧស្ម័ននៅក្នុងមណ្ឌលនេះមានកម្រាស់ស្តើងណាស់អាចមើលឃើញបានតែពេលមានសូរ្យគ្រាសពេញប៉ុណ្ណោះ ។
៩៨.តើសកម្មភាពផ្ទៃលើរបស់ព្រះអាទិត្យមានអ្វីខ្លះ?

សកម្មភាពនៅលើផ្ទៃព្រះអាទិត្យមានដូចជា៖

  • ស្នាមអុចៗនៅលើព្រះអាទិត្យ
  • ប្រូមីនីន
  • អណ្តាតភ្លើងព្រះអាទិត្យ
  • ខ្យល់ព្រះអាទិត្យ
៩៩.តើការផលិតថាមពលរបស់ព្រះអាទិត្យប្រព្រឹត្តទៅយ៉ាងដូចម្តេច?

ព្រះអាទិត្យផលិតថាមពលនៅក្នុងស្នូលរបស់វាដោយដំណើរការមួយហៅថា ការរលាយនុយក្លេអ៊ែ។

១០០.តើ ប្រូមីនីន និងអណ្តាតភ្លើងព្រះអាទិត្យខុសគ្នាដូចម្តេច?

ប្រូមីនីន និង អណ្តាតភ្លើងព្រះអាទិត្យខុសគ្នាត្រង់៖

  • ប្រូមីនីន
    • រង្វង់ឧស្ម័នពណ៌ក្រហម
    • មានទំនាក់ទងជាមួយគ្នាស្នាមអុច
    • ស្ថិតនៅលើគែមជុំវិញព្រះអាទិត្យ។
  • អណ្តាតភ្លើងព្រះអាទិត្យ
    • មានស្នាមអុចភ្ជាប់គ្នា
    • បញ្ចេញបរិមាណថាមពលម៉ាញេទិចដ៏ច្រើន
    • មានបន្ទុះទៅក្នុងលំហ នៅពេលថាមពលម៉ាញេទិចដុតកម្ដៅឧស្ម័នលើព្រះអាទិត្យរហូតដល់រាប់លានអង្សាសេ។
១០១.តើព្យុះម៉ាញេទិចបណ្តាលឲ្យមានផលប៉ះពាល់អ្វីខ្លះនៅលើផែនដី?

ព្យុះម៉ាញេទិចបណ្តាលអោយមានផលប៉ះពាល់នៅលើផែនដីដូចជា រំខានដល់រលកវិទ្យុ ទូរទស្សន៍ ទូរស័ព្ទ ថាមពលអគ្គិសនី និងអាចជះឥទ្ធិពលដល់តារារណបផងដែរ។

១០២.តើនៅក្នុងប្រព័ន្ធព្រះអាទិត្យភពត្រូវបានគេចែកជាប៉ុន្មានក្រុម? អ្វីខ្លះ?

គេចែកភពនៅក្នុងប្រព័ន្ធព្រះអាទិត្យជាពីរក្រុមគឺ

  • ភពក្នុង
  • ភពក្រៅ
១០៣. តើភពក្នុងនិងភពក្រៅមានលក្ខណៈខុសគ្នាដូចម្តេច?

លក្ខណៈខុសគ្នារវាងភពក្នុងនិងភពក្រៅមានដូចខាងក្រោម ៖

+ លក្ខណៈរបស់ភពក្នុង

  • មានផ្ទៃផ្សំឡើងភាគច្រើនជាសិលាឬភពសិលា
  • មានទំហំតូច ស្ថិតនៅគៀកៗគ្នា
  • មានសីតុណ្ហភាពខ្ពស់ដោយសារនៅជិតព្រះអាទិត្យ
  • មានដង់ស៊ីតេខ្ពស់
  • មានរយៈពេលរង្វិលជុំខ្លីជាងភពក្រៅ
  • មានទីតាំងនៅជិតព្រះអាទិត្យ

+ លក្ខណៈនៃភពក្រៅ

  • មានផ្ទៃផ្សំឡើងភាគច្រើនជាឧស្ម័ន ឬភពឧស្ម័ន
  • មានទំហំធំជាងភពក្នុងហើយស្ថិតនៅឆ្ងាយៗពីគ្នា
  • មានសីតុណ្ហភាពផ្ទៃលើទាប
  • មានដង់ស៊ីតេទាប
  • មានទំនាញខ្លាំងដែលអាចចាប់យកឧស្ម័នបាន
  • ស្ថិតនៅចម្ងាយឆ្ងាយពីព្រះអាទិត្យ.....។
១០៤.លក្ខណៈចម្លែករបស់ភពពុធមានអ្វីខ្លះ?

ភពពុធមានលក្ខណៈចម្លែកដូចជាៈ

  • នៅលើភពពុធមានទម្ងន់ត្រឹមតែ ៣៨% នៃទម្ងន់នៅលើផែនដី។
  • មួយថ្ងៃនៅលើភពពុធស្មើនឹង ៥៩ថ្ងៃ នៅលើភពផែនដី
  • មួយឆ្នាំនៅលើភពពុធ មានរយៈពេលស្មើនឹង ៨៨ថ្ងៃនៅលើភពផែនដី ឬស្មើនឹង ១.៥ថ្ងៃលើភពពុធ។
១០៥. តើភពអង្គារមានប្រព័ន្ធភ្នំភ្លើងប៉ុន្មាន? អ្វីខ្លះ? ចូររៀបរាប់។

ភពអង្គារមានប្រព័ន្ធភ្នំភ្លើងពីរគឺ៖

  • ប្រព័ន្ធភ្នំភ្លើងតំបន់ថាស៊ីសៈ ជាប្រព័ន្ធភ្នំភ្លើងធំជាងគេ មានទំហំ ៨០០០ គីឡូម៉ែត្រ។
  • ប្រព័ន្ធភ្នំភ្លើងអូឡាំពូសម៉ុន គឺជាភ្នំភ្លើងខែលដែលធំជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ មានលក្ខណៈស្រដៀងភ្នំភ្លើងម៉ូណាគា នៅលើកោះហាវ៉ៃ។
១០៦.តើភពសុក្រមានលក្ខណៈពិសេសអ្វីខ្លះ?

លក្ខណៈដូចគ្នា ភពសុក្រ មានទំហំ ម៉ាស់ និងដង់ស៊ីតេប្រហែលគ្នា និងភពផែនដី ។

លក្ខណៈខុសគ្នា

  • ភពផែនដី
    • វិលជុំវិញព្រះអាទិត្យ ៣៦៥ថ្ងៃ ៦ម៉ោង
    • មានចលនាពីខាងលិចទៅកើត
    • មានជីវិតរស់នៅ
    • មានអុកស៊ីសែន
  • ភពសុក្រ
    • វិលជុំវិញព្រះអាទិត្យ ២២៥ ថ្ងៃនៃផែនដី
    • មានចលនាពីកើតទៅលិច
    • គ្មានជីវិតរស់នៅ
    • បរិយាកាសសម្បូរទៅដោយឧស្ម័នកាបូនិច
    • មានសិតុណ្ហភាព ៤៨០អង្សាសេ នៅពេលត្រជាក់សីតុណ្ហភាពចុះដល់១៣ អង្សាសេ ។
១០៧.តើភពអង្គារមានប្រព័ន្ធភ្នំភ្លើងធំៗចំនួនប៉ុន្មាន? អ្វីខ្លះ?

ភពអង្គារមានប្រព័ន្ធភ្នំភ្លើងធំៗចំនួន ២គឺ៖

  • តំបន់ថាស៊ីស ជាប្រព័ន្ធភ្នំភ្លើងធំជាងគេមានទំហំ៨០០០គីឡូម៉ែត
  • ភ្នំអូឡាំពូសម៉ុនស៍ គឺជាភ្នំភ្លើងខែលដែលធំជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យមានលក្ខណៈស្រដៀងភ្នំភ្លើងម៉ូណាគានៅលើកោះហាវ៉ៃ
១០៨.ហេតុអ្វីបានជាគេមិនបញ្ចូលផ្លូតូជាភព?

បានជាគេមិនបញ្ចូលផ្លូតូជាភព ព្រោះផ្លូតូមិនមានទំហំធំល្មមក្នុងការគ្រប់គ្រងគន្លងរបស់វា។

១០៩.តើភពឧស្ម័នយក្សខុសពីភពសិលាដូចម្តេចខ្លះ?

ភាពខុសគ្នារវាងភពឧស្ម័នយក្ស និងភពសិលា

ភពសិលា(ភពក្នុង)

  • ភពក្នុងស្ថិតនៅជិតៗគ្នាជាងភពក្រៅ។
  • ភពក្នុងមានទំហំតូច ហាប់ណែន និងមានផ្ទៃជាសិលា។

ភពឧស្ម័នយក្ស(ភពក្រៅ)

  • ភពក្រៅស្ថិតនៅឆ្ងាយៗពីគ្នាជាងភពក្នុង។
  • ភពក្រៅមានទំហំធំ និងមានផ្ទៃផ្សំឡើងភាគច្រើនពីឧស្ម័ន។
១១០.តើអ័ក្សរង្វិលខ្ញាល់របស់អ៊ុយរ៉ានុសមានភាពដូចម្តេច?

អ័ក្សរង្វិលខ្ញាល់របស់ភពអ៊ុយរ៉ានុស គឺទ្រេតស្មើរ ៩០ដឺក្រេនិងស្ថិតនៅស្ទើរស្របជាមួយគន្លង។

១១១.តើព្រះចន្ទរបស់ភពផ្លូតូមានឈ្មោះអ្វី?

ព្រះចន្ទរបស់ភពផ្លូតួមានឈ្មោះថា ឆារ៉ុន ។

១១២.ក្រៅពីភព និងភពរណបនានា ក្នុងប្រព័ន្ធព្រះអាទិត្យតើមានប្រភេទអង្គផ្សេងៗជាច្រើនទៀតអ្វីខ្លះ?

ក្រៅពីភព និងភពរណបនានា ក្នុងប្រព័ន្ធព្រះអាទិត្យមានប្រភេទអង្គផ្សេងៗជាច្រើនទៀតគឺ៖

  • ផ្កាយដុះកន្ទុយ
  • ផ្កាយព្រះគ្រោះ
  • អាចម៍ផ្កាយ
១១៣.តើផ្កាយដុះកន្ទុយគឺជាអ្វី?

ផ្កាយដុះកន្ទុយគឺជាអង្គតូចៗផ្សំឡើងពីទឹកកក សិលា និងធូលីក្នុងលំហដែលនៅសេសសល់បន្ទាប់ពីកំណកំណើតប្រព័ន្ធព្រះអាទិត្យ។